ព័ត៌មានជាតិ

មន្រ្តី​ជាន់ខ្ពស់​ក្រសួង​ការងារ​លេីកឡេីងថា​ នៅកម្ពុជាសហជីពបាន និងកំពុងបំពេញតួនាទីរបស់ខ្លួនដោយគ្មានការរឹតត្បិត

ភ្នំពេញ៖ សមាជសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) អាណត្តិទី៦ ត្រូវបានប្រារព្ធពិធីបិទ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោក​ ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ថ្លែងនៅក្នុងកម្មវិធីបិទសមាជនេះ លោក​ ងុយ រិទ្ធ បានវាយតម្លៃខ្ពស់ចំពោះសភាសម្ព័ន្ធសហជីពកម្ពុជា (NACC) ក្នុងការគោរពច្បាប់ និងមានវិជ្ជាជីវៈការងារ ដែលជាការធានាទាំងសិទ្ធិកម្មករ និងធានាសិទ្ធិថៅកែរោងចក្រ សហគ្រាស។ ទន្ទឹមនេះ លោករដ្ឋលេខាធិការ សង្ឃឹមថា សភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បន្ទាប់ពីមានលោក គឹម ចាន់សំណាង ជាប្រធានតាមរយៈការបោះឆ្នោតសម្រាប់អាណត្តិទី៦នេះ នឹងចូលរួមចំណែកការពារផលប្រយោជន៍រួមរបស់សហជីព និងផលប្រយោជន៍កម្មករនិយោជិតនៅកម្ពុជា ប្រកបដោយស្មារតីសាមគ្គីភាព ពោរពេញទៅដោយភាពជាអ្នកដឹកនាំខ្ពស់ ដើម្បីការពារឧត្តមប្រយោជន៍ និងសិទ្ធិពេញលេញពិតប្រាកដដល់សមាជិករបស់ខ្លួនដែលសុទ្ធសឹងតែជាកម្មករនិយោជិត។

លោកលើកឡើងថា នៅកម្ពុជា សហជីពបាននិងកំពុងបំពេញតួនាទីរបស់ខ្លួនដោយគ្មានការរឹតត្បិត។ កម្ពុជាមានលំហូរសហជីពល្អប្រសើរ ល្បឿននៃការកកើតសហជីពមានសន្ទុះច្រើននាមួយរយៈឆ្នាំចុងក្រោយនេះ។ ទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការបើកចំហសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈនៅកម្ពុជា។

ទន្ទឹមនេះ លោក​បានជំរុញឱ្យបណ្តាមេដឹកនាំសហជីពទាំងអស់ត្រូវដើរតួនាទីការពារផលប្រយោជន៍ និងសិទ្ធិកម្មករពិតប្រាកដ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយខ្នង។ ពោលគឺ សហជីពទាំងអស់ត្រូវចាត់ទុកកម្មករនិយោជិតជាកិច្ចការងារចម្បង និងស្ថិតក្នុងរបៀបវារៈរបស់ខ្លួនជានិច្ច។ ក្រៅតែពីការពារសិទ្ធិកម្មករនិយោជិត សហជីពក៏មានតួនាទីដ៏សំខាន់មួយទៀតដែរ គឺការពារផលប្រយោជន៍រួមនៅក្នុងរោចក្រឧស្សាហកម្ម ធ្វើយ៉ាងណាឱ្យកន្លែងការងារមានសុខដុមនីយកម្ម និងផលិតភាពកាន់តែប្រសើរ ជំរុញដល់ការរីកចម្រើនរបស់រោងចក្រ សហគ្រាស៕

To Top