ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido វាយប្រហារមកលើប្រទេសម៉ូហ្សាំប៊ឹក កើនឡើងដល់៩៤នាក់ហើយ

afp

MAPUTO៖ យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយពីវិទ្យាស្ថានជាតិគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ហៅកាត់ថា INGD បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន Chido ដែលជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលដែលបានវាយប្រហារមកលើតំបន់ភាគខាងជើងនៃប្រទេស ម៉ូហ្សាំប៊ឺក (Mozambique) កាលពីចុងសប្តាហ៍មុន បានកើនឡើងដល់៩៤នាក់ហើយ ខណៈចំនួនអ្នករងរបួសបានកើនឡើងដល់៧៦៨នាក់ ។

ព្យុះស៊ីក្លូនដែលបានបោកបក់មកលើដែនដីកាលពីថ្ងៃទី១៥ ខែធ្នូ ដែលនាំមកនូវទឹកភ្លៀងធ្លាក់ និងខ្យល់ព្យុះដ៏ខ្លាំងក្លា បានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរនៅក្នុងខេត្ត Cabo Delgado, Nampula និង Niassa ។ ទីភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយជាតិបានកត់សម្គាល់ថា ជាង១២៣.០០០គ្រួសារ ស្មើនឹង៦២២.៦១០នាក់បានរងផលប៉ះពាល់ ហើយផ្ទះសម្បែងជាង១៤០.០០០ខ្នងត្រូវបានបំផ្លាញដោយផ្នែក ឬទាំងស្រុងតែម្តង ។

នៅក្នុងរបាយការណ៍ក៏បានរៀបរាប់អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយមានសាលារៀនចំនួន២៥០ខ្នង អគារសាធារណៈចំនួន៨៩ខ្នង និងផ្នែកសុខាភិបាលចំនួន៥២ ត្រូវបានខូចខាត ។ លើសពីនេះទៅទៀត តំបន់កសិកម្មដ៏ធំត្រូវបានជន់លិច ដែលធ្វើឱ្យមានភាពងាយរងគ្រោះនៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top