ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ ជាពិសេសអ្នកខ្វះខាត និងអ្នកដាច់ស្រយោល ព្រមទាំងបង្កើនការយកចិត្តទុកដាក់ខ្ពស់លើអ្នកប្រើប្រាស់មូលនិធិសមធម៌ និង ប.ស.ស។
ការលើកឡើងរបស់លោករដ្ឋមន្រ្តីនេះ នាថ្ងៃទី២៣ ខែធ្នូ ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែធ្នូ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ។
ក្នុងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកបន្ថែមទៀត ក្នុងការពង្រឹងសេវាសុខាភិបាលសាធារណៈ ជាពិសេសសេវាឯកជន ក្នុងមូលដ្ឋានរបស់ខ្លួន។ ក្នុងនោះថ្នាក់ដឹកនាំអង្គភាពទាំងអស់ ត្រូវធ្វើការចុះពិនិត្យបានជាប់ជាប្រចាំថ្ងៃ ស្វែងយល់ពីការបំពេញភារកិច្ចរបស់បុគ្គលិកគ្រប់ស្ថានភាពទាំងពេលថ្ងៃ និងពេលប្រចាំការពេលយប់។
សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ មួយចំនួន ដោយត្រូវផ្តោតសំខាន់លើគុណភាពសេវាបឋម គុណភាពសេវាផ្តល់ជូន ដោយត្រូវបង្កើនគុណភាពសេវាបន្ថែមទៀត ដើម្បីទាញឲ្យមានការជឿទុកចិត្តពីប្រជាពលរដ្ឋនឹងការព្យាបាល ជាពិសេសណែនាំដល់ផ្នែកថែទាំ ត្រូវផ្តល់ការថែទាំអ្នកជំងឺលាងសម្អាតខ្លួនឱ្យកាន់តែល្អប្រសើរ។ ក្នុងនោះត្រូវពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ នូវការបែងចែកឱសថ ដល់មូលដ្ឋានសុខាភិបាល ដើម្បីធានាសមស្របតាមតម្រូវការប្រើប្រាស់៕