យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានឲ្យដឹងថា អ៊ីស្រាអែលនឹងធ្វើសកម្មភាព ដោយកងកម្លាំង ប្រឆាំងនឹងក្រុមហ៊ូធី នៅក្នុងប្រទេសយេម៉ែន មួយថ្ងៃបន្ទាប់ពីក្រុមនេះ បានបាញ់មីស៊ីលឆ្ពោះទៅកាន់តំបន់ Tel Aviv របស់ខ្លួន។
លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូថា “ដូចដែលយើងបានធ្វើសកម្មភាពដោយកម្លាំងប្រឆាំងនឹងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ ផ្សេងទៀត នោះយើងនឹងធ្វើសកម្មភាពប្រឆាំងនឹងក្រុមហ៊ូធី”។
លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែល មិនមែនធ្វើសកម្មភាពតែម្នាក់ឯងនោះទេ ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត មានទស្សនៈដូចគ្នាជាមួយអ៊ីស្រាអែលថា ក្រុមហ៊ូធី កំពុងបង្កការគំរាមកំហែង មិនត្រឹមតែដល់ការ ដឹកជញ្ជូនអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែដល់សណ្តាប់ធ្នាប់ពិភពលោក។
លោក បានបន្ថែមថា “ហេតុដូច្នេះហើយ យើង នឹងធ្វើដោយកម្លាំង ការតាំងចិត្ត និងភាពប៉ិនប្រសប់ ទោះបីជាវាត្រូវការ ពេលវេលាក៏ដោយ លទ្ធផលនឹងដូចគ្នានឹងក្រុមភេរវករដទៃទៀតដែរ”។
គ្រាប់កាំជ្រួចរបស់ក្រុមហហ៊ូធី បានវាយប្រហារសួនកុមារ និងអគារមួយក្នុងទីក្រុង Tel Aviv ពេញមួយយប់រវាងថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដោយបានធ្វើឱ្យមនុស្ស ១៤នាក់ រងរបួស និងបណ្តាលឱ្យខូចខាតអគារ នេះបើយោង តាមការអាប់ដេត ចុងក្រោយពីសេវាសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែល៕
ប្រែសម្រួល ឈូក បូរ៉ា