ភ្នំពេញ៖ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានអះអាងដោយយោងតាមផែនការមេ គឺអាកាសយានដ្ឋានតារាសាគរ នៅក្នុងទឹកដីខេត្តកោះកុង រំពឹងថា នឹងទទួលបានអ្នកដំណើរ៧លាននាក់និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំៗ។
បើតាមលោក ស៉ីន ចាន់សិរីវុត្ថា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាងថ្ងៃ២៣ ធ្នូថា បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានតារាសាគរ ខេត្តកោះកុង គ្រោងនឹងដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន សម្រាប់ការស្វាគមន៍ការជើងហោះហើរជួល ” ឆាតទើរ” (ឆាតទើរ គឺជាជើងហោះហើរជួលក្រៅកម្មវិធីហោះហើរ) ក្នុងស្រុកជំហានដំបូង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ។
លោកបន្តថា ក្រោយបើកឲ្យដំណើរការជាផ្លូវការហើយ បើតាមផែនការមេស្តីពីការអភិវឌ្ឍអាកាសយាន ដ្ឋានតារាសាគររយៈពេលខ្លី និងមធ្យម (ក្នុងករណីមានការបើកការ ហោះហើរជាលក្ខណៈពាណិជ្ជកម្ម ក្នុងស្រុក និងអន្តរជាតិពេញលេញ) អាកាសយានដ្ឋាននេះរំពឹងទទួលបានអ្នកដំណើរ ៧លាននាក់ និងទំនិញ១ម៉ឺនតោន ក្នុង១ឆ្នាំ និងបន្តកើនអ្នកដំណើរដល់ ២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០។
លោកថា ការបើកសាកល្បងក្នុងស្រុករបស់អាកាស យានដ្ឋានតារាសាគរនេះ គឺជាជំហានដំបូងរបស់ខ្លួន រវាងរាជធានីភ្នំពេញ និងខេត្តកោះកុង (តារាសាគរ) ដែលជាការចាប់ផ្តើមនៃការធ្វើដំណើរ តាមផ្លូវអាកាសដំបូងនៅតំបន់ឆ្នេរ នៃខេត្តកោះកុងដំបូងគេរបស់កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការជំរុញ យ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងឧស្សាហកម្មនៃខេត្តកោះកុង ក៏ដូចជាសម្រាប់កម្ពុជាទាំងមូល ។
សូមជម្រាបថា អាកាសយានដ្ឋានតារាសាគរ ដំណាក់កាលទី១ អភិវឌ្ឍន៍លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយចំណាយថវិកាប្រមាណ ២០០លានដុល្លារ៕