ភ្នំពេញ ៖ អង្គការ WWF-កម្ពុជា បាននិងកំពុងធ្វើការរួមគ្នាជាមួយ ក្រសួងពាក់ព័ន្ធ និងអង្គការដៃគូរ ក្នុងកិច្ចខិតខំប្រឹងប្រែង ការអភិរក្សសត្វក្តាន់ ជាមួយនឹងយុទ្ធសាស្រ្ត និងសកម្មភាពបន្ថែមទៀត ខណៈសត្វក្តាន់ កំពុងប្រឈមបញ្ហា ជាច្រើនរហូតឈានផុតពូជ។
បើតាមការផ្សាយរបស់ WWF សត្វក្តាន់ គឺជាប្រភេទថនិកសត្វ ដែលគួរឲ្យស្រលាញ់ ដែលធ្លាប់រស់នៅតំបន់ដីសើម និងវាលស្មៅនៅអាស៊ីអាគ្នេយ៍នេះ ។ ជាក់ស្តែងមានកត្តាប្រឈមជាច្រើន ដូចជាការបាត់បង់ទីជម្រក ការធ្លាក់ចុះនៃចំនួន សត្វក្តាន់ និងការបរបាញ់ បានជំរុញឲ្យសត្វក្តាន់ ឈានដល់ការផុតពូជនៅប្រទេសថៃ ឡាវ វៀតណាម និងចិន។
ជាក់ស្តែងនៅកម្ពុជា ក៏ត្រូវបានសន្និដ្ឋានថាបានផុតពូជផងដែរ រហូតដល់មានការរកឃើញឡើងវិញនៃវត្តមានសត្វក្តាន់ នៅខេត្តក្រចេះក្នុងឆ្នាំ២០០៦ និងខេត្តកោះកុង ក្នុងឆ្នាំ២០០៨ ដែលបានក្លាយក្តីសង្ឃឹមថ្មី សម្រាប់ការរស់រានមាន ជីវិតរបស់ពួកគេ។
តាមរយៈការស្រាវជ្រាវ ដែលកំពុងបន្តលើសត្វក្តាន់នៅខេត្តក្រចេះ ចាប់តាំងពីឆ្នាំ២០២០ អង្គការ WWF-កម្ពុជា បានបញ្ជាក់ថា នៅសល់សត្វក្តាន់ តិចជាង១០០ក្បាល ។ ដូច្នេះត្រូវការវិធានការបន្ទាន់ ដើម្បីកុំឲ្យសត្វក្តាន់ផុតពូជ៕