ព័ត៌មានជាតិ

រដ្ឋមន្រ្តីអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំខែធ្នូ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

បន្ទាប់ពី លោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានសេចក្ដីព្រាងរបាយការណ៍ វឌ្ឍនភាពការងារប្រចាំខែធ្នូ, លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានអានសេចក្ដីព្រាងរបាយការណ៍ ស្ដីពីលទ្ធផលការងារសម្រេចបានឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ដោយបញ្ជាក់អំពីវឌ្ឍនតាមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង ក្នុងរយៈពេល១ឆ្នាំ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ សម្រេចបាន ៩៦,៦៦%នៃផែនការប្រចាំឆ្នាំ, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបាន ៩៦,៨២% នៃផែនការប្រចាំឆ្នាំ,  ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច សម្រេចបាន ៩៨, ៣៨% នៃផែនការប្រចាំឆ្នាំ, និង ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបាន ៩៨, ៤៧% ធៀបនឹងផែនការប្រចាំឆ្នាំ។

ក្រសួងបានដាក់ចេញជាផែនការ សម្រាប់ឆ្នាំ២០២៥ ដោយអនុវត្តកម្មវិធីអាទិភាពចំនួន ៥ រួមមាន៖ ១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ប្រកបដោយភាពធន់, ២.លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ៣.ជំរុញអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ, ៤.លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និង ៥.ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

បន្ទាប់ពីបានស្ដាប់របាយការណ៍ និងទិសដៅការងារបន្ដរួចមក លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបាន និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ក្រសួង និងនៅរាជធានី ខេត្ត ដែលបានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ទៅតាមផែនការសកម្មភាព និងតាមតម្រូវការការងារក្នុងក្របខ័ណ្ឌតួនាទី ភារកិច្ចរបស់ក្រសួង រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថាការដាក់ចេញនូវកម្មវិធីអាទិភាពទាំង ៥នេះ គឺដើម្បីឱ្យឆ្លើយតបចំគោលដៅ នឹងសំណូមពររបស់ប្រជាពលរដ្ឋ និងដើម្បីឱ្យស្របទៅនឹងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល  ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

To Top