ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ករណីអតីតឧកញ៉ា ស្រី ស៊ីណា ដែលបានចូលទៅបាញ់សម្លាប់ គូដណ្តឹងមួយគូ ស្លាប់យ៉ាងអណោចអធម៌នៅក្នុងផ្ទះ នៅបុរីប៉េងហួត ត្រូវបានតុលាការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងពិន័យជាប្រាក់ជាង២លានដុល្លារ ផ្តល់ទៅកាន់គ្រួសារជនរងគ្រោះ គឺជាករណីទី១ ហើយក៏ជាសារសំខាន់មួយ សម្រាប់ជនទាំងឡាយ កុំឱ្យប្រព្រឹត្តខុសបែបនេះទៀត ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ “វិញ្ញាបនបត្រ និងសញ្ញាបត្រ” ជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ នៅវិទ្យាស្ថានជាតិអប់រំ។
ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានឆ្លើយតបនឹងសាធារណៈមតិ ដែលសង្ស័យថា អាចនឹងមានការលួចលាក់ដោះលែងជនបង្ក ដែលមានងារជាឧកញ៉ានោះថា ប្រព័ន្ធតុលការ មិនអាចចេះតែយកនីតិវិធី នៃការដោះស្រាយ មកបង្ហាញនៅលើបណ្តាញសង្គមរហូតនោះទេ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ចឹងក៏មានការសម្រេច លើកនេះដូចជាប់ទោស៣១ ឆ្នាំ ហើយត្រូវបង់សំណង២លានកន្លះ លើកទី១ហើយ ដែលសំណងសម្រាប់ជនរងគ្រោះមួយរូប មួយគ្រួសារ១លានដុល្លារ ជាការសោកស្តាយនៃការបាត់បង់ជីវិត រឿងលុយមិនអាចយកជីវិតមនុស្សមកវិញបានទេ ប៉ុន្តែអ្វីដែលការកាត់ក្តីនេះ គឺបង្ហាញអំពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់ ដោយម៉ឺងម៉ាត់ ហើយជាពិសេសងារជាឧកញ៉ាក៏ដោយ ក៏នៅតែទទួលខុសត្រូវ” ។
ក្នុងនោះសម្តេចធិបតី សង្ឃឹមថា ការកាត់ទោសករណីឧកញ៉ា ស្រី ស៊ីណា ជាសារសំខាន់សម្រាប់ឱ្យមនុស្សទាំងអស់ កុំឱ្យប្រព្រឹត្តអំពើបែបនេះតទៅទៀត ។
សូមរំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសថា តុលាការបានសម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់២នាក់គូដណ្តឹងចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង២លានដុល្លារដល់ជនរងគ្រោះ រួមជាមួយសំណង៥០ម៉ឺនដុល្លារផ្សេងទៀតដល់អ្នករងរបួស៕