ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់មជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ត្រូវបង្កើនការផលិតសារអប់រំសុខភាព ដើម្បីបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋ តាមគ្រប់មធ្យោបាយ។










នេះជាប្រសាសន៍របស់សាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសំណេះសំណាល ដើម្បីស្វែងយល់ពីសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្តីរាជការ និងបុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព នាថ្ងៃ២៥ ធ្នូ។

ក្នុងឱកាសចុះពិនិត្យនេះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដែលខិតខំបំពេញការងារយ៉ាងសកម្ម ប្រកបស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព សុខដុមនីយកម្ម និងការចេះគោរពគ្នាទៅវិញទៅមក ដែលនាំឱ្យមានផលិតភាពការងារ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធមានភាពសមរម្យ និងមានបរិយាកាសការងារមនោរម្យ។ ទន្ទឹមនឹងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់មន្រ្តី បុគ្គលិកមជ្ឈមណ្ឌលទាំងអស់ ត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាល ជាពិសេសជំនាញក្នុងការបង្កើតនូវគំនិតនវានុវត្តន៍ លើការផលិតសារអប់រំសុខភាពឱ្យកាន់តែទូលំទូលាយ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំដល់មជ្ឈមណ្ឌលជាតិ ត្រូវរៀបចំឱ្យផែនការបន្ថែមក្នុងការផលិតសារអប់រំ និងស្ប៉តវីដេអូ ដែលជុំវិញនឹងសុខភាពប្រជាពលរដ្ឋ ការរស់នៅប្រជាពលរដ្ឋ លើកកម្ពស់សុខភាពស្រ្តី កុមារ ទារក និងជាពិសេសបញ្ហាជំងឺទឹកនោមផ្អែម និងជំងឺផ្សេងៗ ដែលបណ្តាលមកពីការពិសាផ្អែម គ្រឿងស្រវឹង និងការជក់បារី។

ឆ្លៀតក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដូចតទៅ (១) ពង្រឹងធនធានមនុស្ស លើកកំពស់សមត្ថភាពរបស់មន្រី្តមជ្ឈមណ្ឌលជាប្រចាំ (២) ផលិតសារអប់រំសុខភាព ពិសេសធ្វើស៉្បតឱ្យបានកាន់តែច្រើន ដើម្បីឆ្លើយតបតាមតំរូវការរបស់ប្រជាជន (៣) ធ្វើការតាមដាន វាស់វែងប្រសិទ្ធភាព សកម្មភាពអប់រំសុខភាព ដើម្បីកំណត់នូវលទ្ធផល ដូចជាលទ្ធផលរយៈពេលវែងដែលនាំឱ្យមានការកាត់បន្ថយ អត្រាឈឺ អត្រាស្លាប់ និង លទ្ធផលរយៈពេលខ្លីដូចជាការផ្លាស់ប្តូរឥរិយាបថ (៤) ជំរុញការដាក់គោលដៅប្រចាំឆ្នាំ និងធ្វើការអប់រំសុខភាព ដែលមានលក្ខណៈផ្អែកលើឯកសារភស្តុតាង (evidence-based health education) និងគិតគូរធ្វើការផលិត បែប នវានុវត្តន៍ថ្មីៗ ទំរង់ថ្មីៗ ប្លែកៗ ប្រើប្រាស់តួថ្មីៗ ដើម្បីបង្កើនភាពចម្រុះនៃការអប់រំនិងប្រសិទ្ធភាពនៃការអប់រំ៕
