ហ្គាហ្សា៖ កាលពីថ្ងៃពុធ ក្រុមហាម៉ាស់បានឲ្យដឹងថា អ៊ីស្រាអ៊ែល បានកំណត់លក្ខខណ្ឌថ្មីទាក់ទងនឹងការដកខ្លួនចេញពីតំបន់ហ្គាហ្សា លើបទឈប់បាញ់គ្នា ការដោះដូរអ្នកទោស និងចំណាប់ខ្មាំង និងការវិលត្រឡប់របស់ពលរដ្ឋប៉ាឡេស្ទីនដែលបានភៀសខ្លួន ដែលបានពន្យារពេលឈានដល់កិច្ចព្រមព្រៀងដែលមានពីមុន ។
ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចរចាលើបទឈប់បាញ់គ្នា និងការដោះដូរអ្នកទោសកំពុងដំណើរការនៅទីក្រុង ដូហា (Doha) ជាមួយប្រទេសកាតា និងការសម្រុះសម្រួលរបស់អេហ្ស៊ីប នៅក្នុងលក្ខណៈធ្ងន់ធ្ងរ ដោយបានបន្ថែមថា ចលនានេះបានបង្ហាញពីការទទួលខុសត្រូវនិងភាពបត់បែន ។
ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីនបានរាយការណ៍ឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយអ្នកសម្របសម្រួលប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានបង្ហាញពីវឌ្ឍនភាព ទោះបីជាការទម្លាយព័ត៌មាននៅតែពិបាកយល់គ្នាក៏ដោយ ។
អ៊ីស្រាអ៊ែល បាននិងកំពុងធ្វើការវាយប្រហារជាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាស់ឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់អ៊ីស្រាអ៊ែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល១.២០០នាក់ត្រូវបានសម្លាប់ និងប្រហែល២៥០នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា