ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញធ្វើបាឋកថា ស្តីពី «ភាពជាអ្នកដឹកនាំ និងកិច្ចសហការរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកមន្ទីរពេទ្យថ្នាក់ជាតិ» ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង នាយក នាយករង ប្រធានការិយាល័យ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ និងជំនួយការនាយសាលា រហូតដល់ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកាល់ម៉ែត ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ Zoom សរុបចំនួន ៦៣៤នាក់។


ក្នុងឱកាសនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងពីចំណុចសំខាន់ៗ ដែលពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការបម្រើសេវាព្យាបាលជូនអ្នកជំងឺសំដៅប្រសិទ្ធភាព ដោយត្រូវធ្វើការសហការគ្នាគ្រប់ផ្នែក រវាងមន្ទីរពេទ្យនិងមន្ទីរពេទ្យ ក្នុងនោះត្រូវធ្វើការខិតខំក្នុងការសង្រ្គោះនៅនឹងកន្លែងឲ្យបានគ្រប់ជ្រុងជ្រោយដោយក្រុមការងារពហុជំនាញ និងឯកទេស មុននឹងពិចារណាបញ្ជូនបន្ត និងដោយទាន់ពេលវេលា ជាមួយទំនាក់ទំនងបន្តឥតដាច់ពីមូលដ្ឋានសុខាភិបាលមួយ ទៅមូលដ្ឋានសុខាភិបាលមួយទៀត។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចប្រសាសន៍សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទទួលខុសត្រូវពីដើមដល់ចប់លើការបញ្ជូនអ្នកជំងឺពីមូលដ្ឋានឯកជន មកសាធារណៈ និងការខិតខំព្យាបាលអ្នកជំងឺដោយប្រើអស់សមត្ថភាពនៅហ្នឹងកន្លែងនីមួយៗ។


សាស្រ្តាចារ្យ បានលើកឡើងជាអនុសាសន៍គន្លឹះៗ ដល់ថ្នាកដឹកនាំមន្ទីរពេទ្យជាតិ ដោយត្រូវអនុវត្តឱ្យបានកាន់តែប្រសើរ និងកាន់តែល្អបំផុត ក្នុងនាមជាអ្នកដឹកនាំ គឺត្រូវតែជាគំរូលើគ្រប់ទិដ្ឋភាព ទាំងការដឹកនាំលើស្មារតី បច្ចេកទេស រដ្ឋបាល និងគ្រប់គ្រងទូទៅជារួម។ ដើម្បីកាន់តែធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពជាអ្នកដឹកនាំ អ្នកដឹកនាំមិនត្រូវលាយឡំបុគ្គលភាព ជាមួយភាពជាអ្នកដឹកនាំទទួលខុសត្រូវចំពោះមុខអង្គភាពនោះទេ៕








