អាតែន ៖ កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរបានឲ្យដឹងថា ប្រទេសក្រិច បានស្ថិតនៅក្នុងគ្រាទប់ទល់នឹងអាកាសធាតុសើម ដែលបង្កឡើងដោយព្យុះឈ្មោះ Elena គិតចាប់តាំងពីថ្ងៃបុណ្យណូអែល ដែលបានបង្កឱ្យមានការរំខានដល់ការធ្វើចរាចរណ៍ និងមានគ្រោះទឹកជំនន់កើតឡើងនៅទូទាំងប្រទេស ។
នៅក្នុងក្រុងតែន អ្នកស្រុករស់នៅជាយក្រុង ភាគខាងជើង និងខាងត្បូងជាច្រើននាក់បានភ្ញាក់ចាប់ពីព្រលឹមថ្ងៃព្រហស្បតិ៍ ដោយសារមានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង ដែលបានបង្កការជន់លិចផ្ទះរាប់សិបខ្នង និងខ្យល់បានបោកបក់ផាត់រថយន្ត ។ កងពន្លត់អគ្គីភ័យបានទទួលទូរស័ព្ទយ៉ាងតិចបំផុត៤០ដង ដើម្បីបូមទឹក និងយកដើមឈើដែលរលំចេញពីលើដងផ្លូវ ។
កីឡដ្ឋានសន្តិភាព និងមិត្តភាព នៅតំបន់មាត់សមុទ្រភាគខាងត្បូងនៃរដ្ឋធានីក្រិច នៅជិតកំពង់ផែ Piraeus ក៏ត្រូវបានជន់លិច ហើយអាជ្ញាធរនៅតែបង្កធ្វើការវាយតម្លៃលើការខូចខាតនៅឡើយ ។
ផ្លូវទៅកាន់ភ្នំ Parnitha ដែលស្ថិតនៅជាយក្រុងភាគខាងជើងត្រូវបានបិទចរាចរណ៍ដោយសារតែមានព្រិលធ្លាក់ចុះក្រាស់ ។
នៅតំបន់ភាគកណ្តាលនៃប្រទេសក្រិច មានការស្ទះចរាចរណ៍ចម្ងាយ៥គីឡូម៉ែត្រ ត្រូវបានកើតឡើងកាលពីថ្ងៃពុធនៅជើងភ្នំ Parnassus ខណៈអ្នកឈប់សម្រាកជាច្រើននាក់ បានព្យាយាមទៅដល់រមណីយដ្ឋានដើម្បីជិះស្គីលេង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា