បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ទណ្ឌកម្មលើក្រុមហ៊ុន ការពារជាតិអាមេរិក ចំនួន៧ និងនាយកប្រតិបត្តិរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹង ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោន ទៅឱ្យកោះតៃវ៉ាន់ ដែលវាបានរំលោភទៅ លើគោលការណ៍ចិនតែមួយ។
ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីប្រធានាធិបតី អាមេរិកលោក Joe Biden ដែលផុតអាណត្តិ កាលពីសប្តាហ៍មុន បានអនុញ្ញាតកញ្ចប់ជំនួយយោធាចំនួនថ្មីប្រមាណជាជាង៥៧០ លានដុល្លារបន្ថែមទៀត ដល់កោះតៃវ៉ាន់។
ក្រសួងការបរទេសចិន បាននិយាយថា សកម្មភាពរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានកំពុងតែជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។
ក្រុមហ៊ុនដែលស្ថិតនៅក្នុងគោលដៅដោយការដាក់ទណ្ឌកម្ម របស់ចិននោះរួមមាន Insitu Inc., Hudson Technologies Co., Saronic Technologies, Inc., Raytheon Canada, Raytheon Australia, Aerkomm Inc., និង Oceaneering International Inc ។
ក្រសួងបាននិយាយទៀតថា ទណ្ឌកម្មនេះ នឹងធ្វើការបង្កកទៅលើទ្រព្យសម្បត្តិ ចលនវត្ថុ និងអចលនវត្ថុ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាមេរិក និងនាយកប្រតិបត្តិ របស់ពួកគេនៅក្នុងប្រទេសចិន ហើយហាមឃាត់អង្គការ និងបុគ្គលក្នុងប្រទេសមិន ឱ្យធ្វើពាណិជ្ជកម្ម ឬសហការជាមួយពួកគេឡើយ៕
ប្រែសម្រួល៖ស៊ុនលី