ភ្នំពេញ៖ ក្នុងនាមជាបញ្ញវន្តមួយរូប លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងជាប្រធានសម្ព័ន្ធភាពអង្គការសមាគម និងវិស័យឯកជននៅកម្ពុជា បានបញ្ចេញទស្សនៈថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាវីរបុរសជាតិ និងជាស្ថាបនិកសន្តិភាពពិតប្រាកដ ដោយសម្ដេច បានយកអាយុជីវិតធ្វើជាដើមទុន ក្នុងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា។

ការលេីកឡេីងរបស់លោកឧកញ៉ាសមូហកបណ្ឌិត ឡី សុភាព ខាងលេីនេះ ធ្វេីឡេីងស្របពេលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងប្រារព្ធពិធីអបអរសាទរ ខួបលើកទី២៦ «ទិវាសន្តិភាពនៅកម្ពុជា» (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោកសមូហកបណ្ឌិត បានលើកឡើងនូវស្នាដៃមួយចំនួន ដែលសម្ដេច បានបន្សល់កេរ្តិ៍ដំណែល សម្រាប់ជាតិ ដូចជាការផ្ដើមចលនាតស៊ូបង្រួបបង្រួមជាតិ ពីការបែកបាក់ផ្ទៃក្នុង រហូតទៅដល់បង្រួមជារដ្ឋបាលឯកភាពមួយ មិនមែនជារឿងសាមញ្ញ នេះជាគុណតម្លៃមួយដ៏ធំធេង។

លោកសមូហកបណ្ឌិត ឡី សុភាព លេីកឡេីងថា “គុណតម្លៃទី១ គឺសម្ដេចយកអាយុជីវិតធ្វើជាដើមទុន ក្នុងការបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា នេះជាការលះបង់មួយដ៏ធំធេងរបស់សម្ដេច ។ ទី២ សម្ដេច ហ៊ានធ្វើពិលីកម្មបង្រួបបង្រួមក្រុមនីមួយៗ ដែលមានមេដឹកនាំខុសៗគ្នា ហើយសាមគ្គីគ្នាឈានដល់សហការគ្នាជាអន្តរជាតិ ដើម្បីកសាងប្រទេសកម្ពុជា ពីចំណុចសូន្យ រហូតប្រទេសជាតិ មានការរីកចម្រើនមានទំនាក់ទំនាក់ការទូត ជាមួយប្រទេសនានា ស្មើមុខស្មើមាត់ នាំកម្ពុជាចូលជាសមាជិកអង្គការតំបន់ និងពិភពលោក ព្រមទាំងទទួលបានការគាំទ្រ ពីអន្តរជាតិឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលវេទិកាតំបន់ធំៗជាច្រើន”។
លោកឧកញ៉ាសមូហកបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា “កម្ពុជា ធ្លាប់ជាប្រទេសរងគ្រោះ ដោយសង្រ្គាមរ៉ាំរ៉ៃក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន ដែលមាកំណើនប្រមាណ៧ភាគរយ ជាប្រចាំមុនការឆ្លងរីករាលដាល នៃការរាតត្បាតជាសាកល នៃ ជំងឺកូវីដ-១៩។ បច្ចុប្បន្នក្រោមការដឹកនាំបន្តវេន របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រែក្លាយជាយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅកាន់ការចម្រើនទាន់សម័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០”៕





