ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បង្ក្រាបដោយជោគជ័យ ករណីចាប់ជំរិត ជនជាតិចិន នៅក្រុងបាវិត, ឧក្រិដ្ឋជនវៀតណាម១២នាក់ ត្រូវបានចាប់ខ្លួន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិន ស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាល់ផ្លាកលេខ។
ក្រោយពីទទួលបានពាក្យ បណ្តឹងខាងលើ ដោយអនុវត្ត តាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា, ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំង ជំនាញស្នងដ្ឋាន នគរបាលខេត្តស្វាយរៀង ចុះទៅដល់ទីតាំង កើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ករណីខាងលើ។
លុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងជំនាញបានស្រាវ ជ្រាវរកឃើញ ជនរងគ្រោះខាងលើ ត្រូវបានក្រុមជនសង្ស័យបង្ខាំង ចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យ ជាបន្តបន្ទាប់ចំនួន១២នាក់
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ៕