ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ បានលះបង់ទាំងកម្លាំងកាយចិត្ត គំនិត ប្រាជ្ញ ស្មារតីបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាឱកាសអញ្ជើញជាអធិបតីបើកសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ ឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤នេះ។

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ស ថេត មានប្រសាសន៍ថា គោលបំណងសំខាន់ នៃការរៀបចំសន្និបាតនេះ ដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ស្ថានការណ៍សន្តិសុខសង្គម និងវាយតម្លៃលទ្ធផលការងាររបស់ អគ្គស្នងការដ្ឋាននគរបាលជាតិក្នុងឆ្នាំ២០២៤កន្លងទៅ សំដៅដកស្រង់នូវបទពិសោធន៍រកឲ្យឃើញនូវចំណុចខ្លាំង ចំណុចខ្សោយ បញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ព្រមទាំងដាក់ចេញនូវទិសដៅការងារ ដែលជាមូលដ្ឋានក្នុងការលើកម្ពស់ ប្រសិទ្ធភាពការងារសម្រាប់ឆ្នាំ២០២៥ ឲ្យកាន់តែប្រសើរឡើង និងឈានទៅសម្រេចបានលទ្ធផល ការងារថ្មីៗបន្ថែមទៀតជូនក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត គំនិត ប្រាជ្ញ ស្មារតីបំពេញតួនាទី ភារកិច្ចរៀងៗខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរគួរឲ្យកត់សម្គាល់។

ជាក់ស្តែងផ្អែកលើការតាមដាន លើរបាយការណ៍ជាប់ជាប្រចាំ បានពិនិត្យឃើញថា បទល្មើសព្រហ្មទណ្ឌជារួមឆ្នាំនេះ មានការថយចុះគួរឲ្យកត់សម្គាល់។ ទន្ទឹមនោះកិច្ចប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស គ្រឿងញៀន អំពើជួញដូរមនុស្ស អាជីវកម្ម និងអាជីវកម្មផ្លូវភេទគ្រប់ទម្រង់ រួមទាំងសកម្មភាពក្មេងទំនើង ល្បែងស៊ីសងខុសច្បាប់ ក៏ត្រូវបានធ្វើការបង្ក្រាបយ៉ាងសកម្មផុលផុស ស្របពេលដែលស្ថានភាព សណ្តាប់ធ្នាប់ចរាចរណ៍មានលក្ខណៈល្អប្រសើរជាងមុន។

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ផ្អែកតាមកម្មវិធីរបៀបវារៈដែលបានគ្រោងទុក អង្គសន្និបាតនឹងប្រព្រឹត្តទៅរយៈពេល ១ថ្ងៃកន្លះ ដែលមានការធ្វើបទបង្ហាញសង្ខេបពាក់ព័ន្ធសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ ព្រមទាំងកិច្ចពិភាក្សាលើ ប្រធានបទសំខាន់ៗ ចំនួន៣ ៕

To Top