បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal បានប្រកាសកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកនឹងផ្តល់ប្រាក់ចំនួន១៥ពាន់លានដុល្លារដល់ទីក្រុងគៀវ ដោយប្រើប្រាស់ទ្រព្យសម្បត្តិធនាគារកណ្តាលរុស្ស៊ីដែលបង្កក។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ធ្លាប់បានព្រមានថា ទីក្រុងមូស្គូអាចប្រឈមនឹងការលួច ដ៏ធំមួយពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងបានអះអាងថា ការផ្ទេរប្រាក់រុស្ស៊ីខុសច្បាប់ទៅទីក្រុងគៀវតាមរយៈផ្លូវតុលាការ។
ការផ្តល់មូលនិធិរបស់អាមេរិកគឺជាផ្នែកមួយនៃការរួមចំណែកដ៏សំខាន់ក្នុងទំហំទឹកប្រាក់ចំនួន២០ ពាន់លានដុល្លារ ក្រោមក្របខណ្ឌប្រាក់កម្ចីសរុបចំនួន៥០ពាន់លានដុល្លាររបស់ G7 ដល់អ៊ុយក្រែន។
លោក Shmigal បានអះអាងទៀតថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាដោយក្រសួងហិរញ្ញវត្ថុរបស់ប្រទេសអ៊ុយក្រែន និងធនាគារពិភពលោក ក្រោមគំនិតផ្តួចផ្តើមសន្តិភាពក្នុងប្រទេសអ៊ុយក្រែន។
G7 ដែលរួមមានសហរដ្ឋអាមេរិក កាណាដា ជប៉ុន ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ដំបូងឡើយបានសន្យាផ្តល់ប្រាក់កម្ចីចំនួន៥០ពាន់លានដុល្លារក្នុងខែមិថុនា ឆ្នាំ២០២២ម្តងហើយ ដោយប្រើប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកទៅជាវត្ថុបញ្ចាំ។
ក្នុងចំណោមទឹកប្រាក់ប៉ាន់ស្មានចំនួន៣០០ពាន់លានដុល្លារ ដែលត្រូវបានបង្កកនោះគេសង្កេតឃើញថាមានប្រមាណជា២១៣ ពាន់លានដុល្លារទៅហើយដែលត្រូវបានកាន់កាប់នៅក្នុង មូលនិធិរបស់clearinghouse Euroclear ដែលមានមូលដ្ឋាននៅទីក្រុងប្រ៊ូសែល៕
ប្រែសម្រួល៖ស៊ុនលី