ភ្នំពេញ ៖ ជាមួយនឹងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងដែលសម្រេចបានកន្លងមក, លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
តាមរយៈសារជូនពរ កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ក្នុងឱកាសចូលឆ្នាំសកល ២០២៥ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានសម្តែងនូវការកោតសរសើរដោយស្មោះ ចំពោះកងកម្លាំង នគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ដែលតែងខិតខំប្រឹងប្រែង និងធ្វើពលិកម្ម គ្រប់បែបយ៉ាង បំពេញភារកិច្ច និងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមទាំង ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកឧបនាយករដ្ឋមន្ដ្រី បន្ដថា ក្នុងរយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ ព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់នៃសន្តិភាពពេញបរិបូរណ៍ បានប្រារព្ធនូវព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ជាច្រើន ជាអាទិ៍ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤, កិច្ចប្រជុំពេញអង្គសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP), មហាសន្និបាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើកទី១២ (ICAPP) ជាពិសេស ការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដ៏មហោឡារិកអធិកអធមនាពេល ថ្មីៗនេះ ដែលមានប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីគ្រប់ទិសទី បានមកចូលរួម ប្រកបដោយសេចក្តីសោមនស្ស និងសុខសុវត្ថិភាព។
លោកឧបនាយករដ្ឋមន្ដ្រី បន្ថែមថា ការពុះពាររក្សាបានបរិយាកាសអំណោយផលសម្រាប់ការ ប្រារព្ធព្រឹត្តិការណ៍ទាំងនេះ គឺជាសមិទ្ធផល និងស្នាដៃគួរជាទីមោទនៈ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និង ការប្តេជ្ញាចិត្ត ប្រកបដោយឆន្ទៈ និងមនសិការមោះមុតក្នុងវិជ្ជាជីវៈ ពីសំណាកកងកម្លាំងនគរបាលជាតិ មន្ត្រី រាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ដែលបានរួមចំណែកនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ និងកិត្យានុភាពដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ ។
ជាមួយនឹងសមិទ្ធផលគួរឱ្យស្ញប់ស្ញែងដែលសម្រេចបានកន្លងមកដូចបានលើកឡើងខាងលើនេះ លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា «ខ្ញុំក៏សូម យកឱកាសនេះ ក្រើនរំលឹក និងជំរុញលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រី ពន្ធនាគារទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ខិតខំបំពេញភារកិច្ចថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង និងទូលំទូលាយថែមទៀត ជាពិសេសត្រូវគោរព និងប្រតិបត្តិឱ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍នានារបស់ រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សំដៅរួមចំណែកសម្រេចបាននូវរបៀបវារៈគន្លឹះ និងអាទិភាពនានានៃយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ក្រោមមគ្គុទ្ទេសក៍ដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏អំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារគ្រប់ លំដាប់ថ្នាក់ បន្តខិតខំចូលរួមអនុវត្តឱ្យបានផុលផុសនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ព្រមទាំង ត្រូវបន្តចលនាកៀរគរការចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្មថែមទៀត តាមពាក្យស្លោក «៣កុំ និង១រាយការណ៍» គឺ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ផ្តល់ព័ត៌មានជូនសមត្ថកិច្ច ជាពិសេសបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវបទបញ្ជា លេខ ០១ របស់រាជរដ្ឋាភិបាលស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ៕