ព័ត៌មានជាតិ

កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទី ជាង៨១ម៉ឺនតោន ទទួលចំណូលជាង១ពាន់លានដុល្លារ

ភ្នំពេញ ៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលជិត១២ ខែឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅក្រៅប្រទេសចំនួន ៨១៥ ០០០តោន ដោយគិតជាទឹកប្រាក់ចំនួន១ ១៥០លានដុល្លារកើនឡើង៣១% បើធៀបដូចគ្នាទៅឆ្នាំ២០២៣។

ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល​ នាថ្ងៃ៣០ ធ្នូថា ជាមួយនឹងចំនួននាំចេញក្នុងរង្វង់៨១៥ ០០០តោននេះ គឺកម្ពុជាផលិតផលិតគ្រាប់ស្វាយចន្ទី បានចំនួន ៨៥០ ០០០តោន (កើនឡើង២៦%) ។

លោកបន្តថា សម្រាប់ការនាំចេញនេះ គោលដៅធំជាងគេគឺប្រទេសវៀតណាម ចំនួន៧៩៣ ៤៥៣ តោន និងនាំចេញទៅឥណ្ឌាផងដែរ។

លោកសង្កត់ធ្ងន់ថា “ក្នុងរយៈពេលជិត១២ខែ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបាន ៨៥០ ០០០តោន (កើនឡើង២៦%) នាំចេញទៅក្រៅប្រទេស ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ (កើន៣១%) ក្នុងនោះនាំចេញទៅវៀតណាម៧៩៣ ៤៥៣ តោន” ។

លោក អួន ស៊ីឡូត ឱ្យដឹងទៀតថា សម្រាប់ការនាំចេញគ្រាប់ស្វាយចន្ទីភាគច្រើនជាគ្រាប់ឆៅ ដែលមិនទាន់កែច្នៃដែលមានតម្លៃខ្ពស់ជាងការកែច្នៃរួច។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីនាឆ្នាំ២០២៥ខាងមុខនេះ ក្នុងនាមជាប្រធានសមាគមស្វាយចន្ទី លោកមានការ រំពឹងខ្ពស់ថា ការកែច្នៃគ្រាប់ស្វាយចន្ទីនឹងអាចកើនឡើង ដោយសារនឹងមានរោងចក្រកែច្នៃរបស់ខ្មែរ និងបរទេសជាច្រើន នឹងចាប់ផ្តើមប្រព្រឹត្តកម្មកើតឡើង នៅកម្ពុជា។

ចំពោះសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីនេះលោក អួន ស៊ីឡូត បានបន្តថា បច្ចុប្បន្នកម្ពុជាមានសហគ្រាស កែច្នៃស្វាយចន្ទីចំនួន៥០ ក្នុងនោះ៦ជារោងចក្រធុនមធ្យមដោយមានសមត្ថភាពផលិតចំនួន៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ សម្រាប់៤៤ សហគ្រាសទៀត ជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំនោះទេ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៣កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីចំនួន៦១៨ ០០០តោន៕

To Top