ភ្នំពេញ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត១០នាក់ នៅឆ្នាំ២០២៥-២០២៦ ខាងមុខនេះ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-31_15-04-48-1024x682.jpg)
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួន មិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយទេ ប៉ុន្តែមន្រ្តីនគរបាលជាតិគ្រប់មូលដ្ឋាន បានខិតខំលះបង់ពេលវេលាលើសម៉ោងដែលច្បាប់កំណត់ បម្រើសេវាជូនប្រជាពលរដ្ឋ ទាំងការងារសន្តិសុខ និងការងាររដ្ឋបាល ព្រមទាំងសេវាសាធារណៈ ផ្សេងៗទៀត មិនថាថ្ងៃសម្រាកនោះទេ គឺមានតែធ្វើលើសថ្ងៃធម្មតានៅថ្ងៃមានបុណ្យជាតិ អន្តរជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-31_15-04-55-1024x682.jpg)
ពីវេទិកាអធិបតីនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី បានលើកឡើងអំពីការត្រៀមលក្ខណៈ និងវិធានការ ទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ដោយឯកឧត្តមបានសង្កេតឃើញថា នាពេលថ្មីៗនេះ ករណីក្មេងទំនើងហាក់មានការអន់ថយបន្តិច ក្រោយការអនុវត្ត និងយកចិត្តទុកដាក់ខ្ពស់ ពីមន្ត្រីកងកម្លាំង និងផ្នែកដែលពាក់ព័ន្ធ ក្រោមការបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ តែទោះជាយ៉ាងក៏ដោយ លោក បន្ថែមថា តទៅមុខទៀតបញ្ហានេះនៅតែបន្តកើតមាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បង្រ្កាបឱ្យទាន់ពេលវេលា។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-31_15-04-49-1024x682.jpg)
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ដ្រី បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងនគរបាលជាតិ បន្តយកចិត្តទុកដាក់ លើការផ្តល់សេវាសារធារណៈ ក្នុងដែនសមត្ថកិច្ចនគរបាល ជាពិសេសសេវាលិខិតស្នាមរដ្ឋបាល ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតបញ្ជាក់ផ្សេងៗ ដើម្បីផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-31_15-04-50-1024x682.jpg)
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ដ្រី បានសម្ដែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ គ្រប់លំដាប់ថ្នាក់ ដែលខិតខំយកអស់កម្លាំងកាយចិត្ត ទ្រសភាពការណ៍ ស្របពេលដែលពិភពលោកមានការប្រែប្រួល ក្នុងព្រឹត្តិការណ៍ធំៗមួយចំនួន ទាំងកម្រិតជាតិ និងអន្តរជាតិក្នុងឆ្នាំ២០២៤ ជាពិសេសការគ្រប់គ្រងស្ថានការណ៍ ១៨សីហា និងការគ្រប់គ្រងបានដោយសុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូកនាពេលកន្លងទៅនេះ។
![](https://dap-news.com/wp-content/uploads/2024/12/photo_2024-12-31_15-04-52-1024x682.jpg)
លោកឧបនាយករដ្ឋមន្ដ្រី បានផ្តល់អនុសាសន៍មួយចំនួនដល់ស្នងការដ្ឋាននគរបាលជាតិ ត្រូវបន្តការពារឱ្យបានដាច់ខាតនូវខឿនសន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹកដីការពារបាវចនាជាតិ និងរដ្ឋធម្មនុញ្ញ ធានាថែរក្សារឹងមាំនូវធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ និងទប់ស្កាត់ការបង្កើតកម្លាំងប្រឆាំង ឬក៏កម្លាំងប្រដាប់អាវុធខុសច្បាប់ណាមួយ ខិតខំចាត់វិធានការពង្រឹងសន្តិសុខផ្ទៃក្នុងអោយបានរឹងមាំ ធានាការពារប្រក្រតីភាពនៃដំណើការ និងការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិ ធានាព្រះរាជសុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)