ព័ត៌មានជាតិ

និស្សិត TVET ៖  សន្តិភាព​ ជាឱកាសសម្រាប់យុវជន ក្នុងការទទួលបានការ អប់រំពេញលេញ និងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមជាតិ

ភ្នំពេញ ៖ និស្សិតដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស បានលើកឡើងថា កត្តាសន្តិភាពបានផ្តល់ឱកាសដល់យុវជន ទទួលបានការអប់រំពេញលេញ និងការអភិវឌ្ឍសមត្ថភាព និងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍសង្គមជាតិ ជាមួយប្រមុខរាជរដ្ឋាភិបាល ។ ការលើកឡើងរបស់និស្សិតបែបនេះ គឺអំឡុងពេលដែលប្រជាជាតិកម្ពុជា ទាំងមូលបាននាំគ្នាប្រារព្ធ ពិធីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខួបលើកទី២៦ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស។

យុវតី លី ម៉េងទាង ជានិស្សិតកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស បានគូសបញ្ជាក់ពីសារសំខាន់នៃសន្តិភាពនៅកម្ពុជាថា ជាពេលវេលាមួយដ៏មានតម្លៃសម្រាប់យុវជន យុវនារី គ្រប់រូបក្នុងការទទួលបានការអប់រំបានពេញលេញ, ទទួលបានការអប់រំមួយដ៏មានប្រសិទ្ធភាព និងកក់ក្តៅ គ្មានភាពភ័យព្រួយ ដែលជាឱកាសសម្រាប់យុវជនក្នុងការពង្រឹងសមត្ថភាព ចូលរួមអភិវឌ្ឍសង្គមជាតិជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ មានសន្តិភាពមានការអប់រំ គ្មានសន្តិភាពគ្មានការអប់រំ។ ប្រសិនបើសង្គមជាតិមួយគ្មានការអប់រំ សង្គមនោះនឹងគ្មានការអភិវឌ្ឍ។

យុវតីរូបនេះក៏មិនភ្លេចគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ ដែលជាកម្មវិធីបណ្តុះបណ្តាលជំនាញរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលអនុញ្ញាតឱ្យយុវជនសិក្សាជំនាញដោយឥតគិតថ្លៃ ក្នុងនោះប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យយុវជននឹងសិក្សាដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨០០០០រៀល ក្នុងមួយខែផងដែរ។ យុវតីរូបនេះមើលឃើញថាសមិទ្ធផលទាំងនេះសុទ្ធសឹងតែកើតឡើងពីកត្តាសន្តិភាពនៅក្នុងប្រទេស ដែលអាចឱ្យរាជរដ្ឋាភិបាលមានឱកាសពេញលេញក្នុងការគិតគូរពីអនាគតយុវជន ឈានដល់សង្គមជាតិទាំងមូល តាមរយៈការពង្រឹងធនធានមនុស្ស។

ដោយឡែកយុវតី ទ្រី ម៉ីម៉ី ដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយរូបទៀតមើលឃើញថា សន្តិភាពគឺជាឆ្អឹងខ្នងនៃការអភិវឌ្ឍវិស័យអប់រំ សន្តិភាពដែលបានរកមកដោយលំបាកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា គឺជាស្ពានចម្លងអនាគតរបស់យុវជន ដែលធ្វើឱ្យយុវជនអាចមានសេរីភាព និងអនាគតភ្លឺស្វាង តាមរយៈស្ថេរភាពសង្គម គ្មានសង្គ្រាម និងការអភិវឌ្ឍសង្គមជាតិ។

ឆ្លៀតក្នុងឱកាសដែលយុវតីជានិស្សិតសិក្សាជំនាញបច្ចេកទេសផងនោះ ខ្លួនអំពាវនាវដល់យុវជនទាំងអស់មកចាប់អារម្មណ៍ការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាឱកាសសិក្សាជំនាញដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភប្រសិនបើយុវជនមកពីគ្រួសារក្រីក្រី និងគ្រួសារងាយរងហានិភ័យ។ ការសិក្សាជំនាញគឺជាស្ពានចម្លងអនាគតរបស់យុវជន រៀនចប់មានជំនាញមួយច្បាស់លាស់ ទទួលបានការងារ និងប្រាក់ចំណូលរមរម្យ។

លោកគ្រូ ជឹម ចន្ថន ដែលជាសាស្រ្តាចារ្យនៃវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញមើលឃើញថា ការអប់រំរបស់យុវជន ការកសាងសង្គមជាតិ ការអភិវឌ្ឍធនធានមនុស្ស រួមទាំងការអភិវឌ្ឍសង្គមជាតិទាំងមូល គឺពឹងផ្អែកទៅលើសន្តិភាព សន្តិភាពជាពន្លឺសម្រាប់យុវជន។

លោកគ្រូបានគូសបញ្ជាក់ថា យុវជន នៃសម័យសន្តិភាព មានឱកាសពេញលេញ ក្នុងការទទួលបានការអប់រំ ដែលទាំងនេះសុទ្ធសឹងតែកើតចេញ​ ពីការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដែលបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្តាថ្នាក់ដឹកនាំកំពូលៗ របស់គណបក្សប្រជាជនកម្ពុជាដ៏ទៃទៀតផងដែរ ។ ប្រសិនបើគ្មានសន្តិភាព នោះក៏គ្មានការអប់រំដែរ បើគ្មានសន្តិភាព ក៏គ្មានឪកាសសម្រាប់អភិវឌ្ឍន៍ មូលធនមនុស្សផងដែរ ។

គួរបញ្ជាក់ថា «ទិវាសន្តិភាពនៅកម្ពុជា» ត្រូវបានពលរដ្ឋកម្ពុជាប្រារព្ធធ្វើឡើងនៅទូទាំងប្រទេស ក្នុងនោះដើម្បីអបអរទិវាដ៏មានតម្លៃនេះផងដែរ ក៏មានការរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

ជាការកត់សំគាល់ មានមហាជន បងប្អូនកម្មករនិយោជិត យុវជន សិស្សនៃវិទ្យាស្ថានបច្ចេកទេស TVET យ៉ាងច្រើនកុះករបានចូលរួមទស្សនាក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនាពេលនេះ គឺដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ខួបលើកទី២៦ (២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២៤) សម្រាប់ការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍពេញផ្ទៃប្រទេស៕

To Top