កំពង់ធំ៖ នៅក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ សាលាខេត្តកំពង់ធំ នាចុងឆ្នាំ២០២៤នេះ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ពង្រឹងសមត្ថភាពរបស់ខ្លួន ខិតខំធ្វើការងារអស់ពីសមត្ថភាព រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងគោរពវិន័យការងារ ឱ្យបានល្អប្រសើរថែមទៀត។
ពីធីសំណេះសំណាលនេះ ប្រារព្វឡើងក្រោមអធិបតីភាពលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោក ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំសាលា ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ។
លោក នួន ផារ័ត្ន បន្ថែមទៀតថា អង្គភាពមួយមាន ការរីកចម្រើនបានលុះត្រាតែយើងពង្រឹងអភិបាលកិច្ចល្អ ដោយមន្ត្រីទាំងអស់រួមគ្នា ពង្រឹងរបៀបរបបការងារ ជួយអភិវឌ្ឍន៍សម្ថភាពខ្លួនឱ្យរីកចម្រើន ធ្វើឱប្រសិទ្ធិភាព ការងារល្អប្រសើរជាងមុន។ ហើយកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ពិតជាមានសារៈសំខាន់ណាស់ ក្នុងការអភិវឌ្ឍន៍ឱ្យអង្គភាពមានការរីកចម្រើន ។
លោក អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណ ដល់កងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំជួយទប់ស្កាត់ការបង្ក្រាប បទល្មើសគ្រប់ប្រភេទនៅក្នុងខេត្តកំពង់ធំ មានការថយចុះ ហើយបញ្ហាផ្សេងៗក៏មានការថយជាបន្តបន្ទាប់ ជាពិសេសរក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ បានល្អប្រសើរ នេះជាការទាក់ទាញភ្ញៀវទេសចរផង ហើយសម្រាប់ភាពសុខដុមរមនា ក្នុងសង្គមយើងផងដែរ ៕
ដោយសំនៀង