ព័ត៌មានជាតិ

ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង៣លាននាក់ ដើរលេងកម្សាន្តទូទាំងប្រទេស ក្នុងថ្ងៃឆ្លងឆ្នាំសកល២០២៥

ភ្នំពេញ៖ នៅក្នុងឱកាសអបអរសាទរ ឆ្លងឆ្នាំសកលដែលជាថ្ងៃបញ្ចប់ឆ្នាំចាស់២០២៤ ឈានចូលឆ្នាំថ្មី ២០២៥ កាលពីរាត្រីរំលងអាធ្រាត្រថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០២៤ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដើរលេងកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ប្រមាណជាង៣លាននាក់ ខណៈរាជធានីភ្នំពេញ ជាតំបន់ដែលមានភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិច្រើនជាងគេ និងតាមពីក្រោយ ដោយខេត្តព្រះសីហនុ ទទួលបានចំណាក់ថ្នាក់លេខ២ ស្របពេលដែលតំបន់ទេសចណ៍ វប្បធម៌ខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ៣ ។

យោងតាមរបាយការណ៍ របស់នាយកដ្ឋានស្ថិតិទេសចរណ៍ នៃក្រសួងទេសចរណ៍បានឱ្យដឹងថា ទិវាឆ្លងឆ្នាំសកល រយៈពេលពីរថ្ងៃ ត្រូវនឹងថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ សម្រាប់ថ្ងៃទី១ ពោលត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២២ម៉ឺននាក់ (២១៦ ៣៣១ នាក់) និងមានទេសចរបរទេស ប្រមាណ ២ម៉ឺននាក់ (១៨ ២៤៩ នាក់) ។

ក្នុងនោះសម្រាប់ថ្ងៃទី២ ពោលត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ៣,២៧ លាននាក់ (៣ ២៧១ ៧៣៤ នាក់) និងទេសចរបរទេស ប្រមាណ ៣ម៉ឺននាក់ (២៩ ០១១ នាក់) ។ ដូច្នេះសរុបរយៈពេលពីរថ្ងៃ ៣០-៣១ ខែធ្នូ ឆ្នាំ២០២៤ មានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ៣,៤៩ លាននាក់ (៣ ៤៨៨ ០៦៥ នាក់) និងទេសចរបរទេស ប្រមាណ ៥ម៉ឺននាក់ (៤៧ ២៦០ នាក់) ។

គួរកត់សម្គាល់ថា រាជធានី ខេត្ត ដែលទទួលបានទេសចរច្រើនជាងគេ ទាំង៥ រួមមាន លេខ១. រាជធានីភ្នំពេញ ទទួលបានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ១ ៥៥៥ ០៥៩ នាក់ និងទេសចរបរទេស ប្រមាណ ១៨ ៤២០ នាក់។ លេខ២. ព្រះសីហនុ ទទួលបានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ៤១៥ ៨៨៦ នាក់ និងទេសចរបរទេស ប្រមាណ ៦ ៩៤៣ នាក់ ។ លេខ៣. សៀមរាប ទទួលបានទេសចរជាតិ​ និងប្រជាពលរដ្ឋដើរ លេងកម្សាន្ត ប្រមាណ ៣២៣ ៤០០ នាក់ និងទេសចរបរទេស ប្រមាណ ១០ ២៦០ នាក់។ លេខ៤. បាត់ដំបង ទទួលបានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ៣២៤ ០៥៣ នាក់ និងទេសចរបរទេស ប្រមាណ ៧០៧ នាក់ និងលេខ៥. កំពត ទទួលបានទេសចរជាតិ និងប្រជាពលរដ្ឋដើរលេងកម្សាន្ត ប្រមាណ ២២៦ ៧៥៨ នាក់ និង ទេសចរបរទេស ប្រមាណ ១ ២១៨ នាក់៕

To Top