ភ្នំពេញ ៖ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ក្នុងឆ្នាំ២០២៤កន្លងមក រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាបានដាក់ចេញ នូវគោលនយោបាយការបរទេសប្រកប ដោយភាពស្វាហាប់ និងចម្រុះពណ៌ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏លោកមើលឃើញ នូវមានកិច្ចការ ជាច្រើនទៀត ដែលទាមទារឲ្យកម្ពុជា ត្រូវបន្តពង្រីកនិងពង្រឹងបន្ថែមទៀត។
លោកបណ្ឌិតបានប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃ២ មករា នេះថា ក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរក្សាលំនឹង នយោបាយ ការបរទេសរបស់ខ្លួនបានល្អ ក្នុងទំនាក់ទំនងជាមួយនឹង មហាអំណាចទាំងអស់ ដែលកំពុងតែប្រឈមគ្នា ពោលទាំងអាមេរិក ចិន និងរុស្ស៊ីដែលជា មហាអំណាចឈានមុខ នៅលើពិភពលោកកំពុងប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងគ្នានឹងគ្នា។ កម្ពុជាបានប្រកាន់យក ជំហរឯករាជ្យ និងអព្យាក្រឹត្យនៅ ចំពោះមុខការប្រកួតប្រជែងនេះ ដោយបន្តមានទំនាក់ ទំនងល្អទាំងជាមួយអាមេរិក រុស្ស៊ី និងចិន។
បើតាមលោកបណ្ឌិត យង់ ពៅ ជំហរនយោបាយ ការបរទេសរបស់កម្ពុជាក្នុងឆ្នាំ២០២៤ បានជួយឱ្យកម្ពុជារក្សា បានលំនឹងនៃទំនាក់ទំនងជាលក្ខណៈពហុភាគីជាមួយនឹងមហាអំណាច ដោយរក្សាបានអធិបតេយ្យភាព អព្យាក្រឹត្យភាព និងជំហរមិនចូលបក្សសម្ព័ន្ធរបស់ខ្លួន ដែលធ្លាប់តែប្រកាន់ខ្ជាប់ជារៀង ដរាបមកក្នុងសម័យព្រះរាជាណាចក្រទីពីរ ។
លោកបណ្ឌិតបន្តថា រាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែរក្សា បាននូវលំនឹងនយោបាយ ការបរទេសជាមួយ មហាអំណាច ទាំងបីប៉ុណ្ណោះទេ តែកម្ពុជាថែមទាំងបានរក្សា ទំនាក់ទំនងល្អជាមួយនឹងមហាអំណាចតំបន់ និងពិភពលោក ក៏ដូចជាបណ្ដា ប្រទេសជាដៃគូ ដទៃទៀតផងដែរ ។ ការណ៍នេះស្ដែងឱ្យឃើញ តាមរយៈដំណើរទស្សនកិច្ច របស់ថ្នាក់ដឹកនាំ កម្ពុជា និងការអញ្ជើញមកបំពេញ ទស្សនកិច្ចពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗ នៃបណ្ដាប្រទេសមហាអំណាច ក៏ដូចជាការចូលចត នៃនាវាចម្បាំង របស់អាមេរិកនៅកំពង់ផែព្រះសីហនុនាពេលថ្មីៗ កន្លងទៅនេះផងដែរ សុទ្ធសឹងជាសញ្ញាល្អ ក្នុងដំណើរឆ្ពោះទៅមុខនៃនយោបាយ ការបរទេស របស់កម្ពុជាក្រោមការដឹកនាំ របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ។
លោកបណ្ឌិតគូសបញ្ជាក់ថា “នេះជាគោលនយោបាយការបរទេស ដែលមានលក្ខណៈ ដែលមានការបញ្ជាក់ពីលំនឹង នៃទំនាក់ទំនងរវាងមហាអំណាច រក្សាបាននូវអធិបតេយ្យភាពមិន ចូលបក្សសម្ព័ន្ធ ស្របតាមមាត្រា៥៣ ហើយក៏បានធ្វើទំនាក់ទំនងល្អទាំងគ្រប់ មហាអំណាចទាំងអស់ដូចដែលយើង បានឃើញនូវការបំពេញ ទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក មន្រ្តីយោធាសហរដ្ឋអាមេរិក និងការចូលចតរបស់នាវាចម្បាង សហរដ្ឋអាមេរិកនៅកំពង់ផែព្រះសីហនុជាដើម” ។
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់លោកបណ្ឌិត សម្លឹងឃើញថា ឆ្នាំ២០២៥ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្តការរក្សា នូវនយោបាយការបរទេសផ្កាចម្រុះពណ៌ ដូចដែលបានអនុវត្ត នៅឆ្នាំ២០២៤កន្លងទៅ ហើយត្រូវពង្រឹងនិងពង្រីក បន្ថែមនូវទំនាក់ទំនងជាមួយ មហាអំណាច ក៏ដូចជាប្រទេសជាដៃគូនានាលើពិភពលោក សម្ដៅឆ្ពោះទៅកាន់ការបើក ច្រកទីផ្សារសម្រាប់ទំនិញកម្ពុជាដែលរួមមានទាំងកសិផល ទំនិញជាកសិឧស្សាហកម្ម និងវាយនភណ្ឌជាដើមបន្ថែមទៀត ក្នុងគោលបំណងបង្កើនភាពស្វាហាប់នៃចរន្តនៃការនាំចេញក្នុងសេដ្ឋកិច្ចកម្ពុជា ។
បើតាមលោកបណ្ឌិត ការធ្វើពិពិធកម្មទីផ្សារផលិតផល គឺជាការបង្កើនឱកាសនៃការនាំចេញកាន់តែប្រសើរឡើង និងជាចំណែកមួយនៃការធានាបាននូវអធិបតេយ្យភាព និងការជំរុញកើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពថែមទៀតផង។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបន្តជំរុញផងដែរនូវគោលការណ៍ «ពង្រឹងមិត្តភាពចាស់ បង្កើនមិត្តភាពថ្មី» ក្នុងនយោបាយការបរទេសរបស់ខ្លួន ដើម្បីពង្រីកតួនាទី របស់កម្ពុជានៅលើឆាកអន្តរជាតិ និងជាការបង្កើនកិច្ច សហប្រតិបត្តិការជា មួយបណ្ដាដៃគូនានាកាន់តែទូលំទូលាយ ក៏ដូចជាបង្កើនជម្រើសក្នុង ទំនាក់ទំនងអន្តរជាតិ ចៀសវាងការរងសម្ពាធការទូត ពីក្រុមប្រទេសឬប្លុកណាមួយ ដែលកម្ពុជាពឹងផ្អែកខ្លាំង ។
បន្ថែមពីនេះ រាជរដ្ឋាភិបាលក៏គួរតែជំរុញ សកម្មភាពការទូតវប្បធម៌របស់ខ្លួនផងដែរ ដោយច្បាមឱកាសពង្រីកវិសាលភាព ការទូតវប្បធម៌កម្ពុជា ទៅតាមបណ្ដាប្រទេស ដែលខ្លួនបានដាក់ស្ថានទូត ដើម្បីជំរុញទំនាក់ទំនងកាន់ តែប្រសើរឡើងថែមទៀត។
លើសពីនេះ កម្ពុជាក៏គួរតែជំរុញ ការទូតសិល្បៈទំនើបបែបសហសម័យដូចជា ការលើកទឹកចិត្តឱ្យអ្នកសិល្បៈរ៉េប សហសម័យរបស់កម្ពុជា ដែលវិស័យនេះ ហាក់មានការរីកចម្រើនជឿនលឿន គួរឱ្យកត់សម្គាល់ ដើម្បីបង្ហាញនូវអ្វី ដែលជារបស់ខ្មែរ និងធ្វើឱ្យគេស្គាល់កម្ពុជា ក្នុងទិដ្ឋភាពផ្សេងៗ តាមរយៈការថែរក្សាឱ្យ បាននូវអ្វី ដែលមានលក្ខណៈជាខ្មែរ ព្រមទាំងជំរុញនិងពង្រីក បន្ថែមនូវរូបភាពជាវិជ្ជមាន របស់កម្ពុជានៅលើឆាកអន្តរជាតិ ដូចដែលបណ្ដាប្រទេសមួយ ចំនួនបានកន្លងទៅដូចគ្នានេះដែរ៕