ព័ត៌មានជាតិ

ធនាគារជាតិ ឱ្យទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានស្នើឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជនរួមសហការគ្នាទប់ស្កាត់ការប្រើប្រាស់ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយនៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹង របស់ធនាគារជាតិនាថ្ងៃ៣១ ធ្នូ ។

ការស្នើសុំរបស់ធនាគារនេះ ដោយសារបានទទួលសំណើ ពីភ្នាក់ងារសម្ងាត់អាមេរិក ។

សេចក្តីជូនដំណឹងបានឱ្យដឹងថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅកម្ពុជា ក្រដាសប្រាក់ដុល្លារ អាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ។ ដូច្នេះក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា ស្នើគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ពីអតិថិជនដោយ គ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត។

ក្នុងនោះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាស ប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជា ។

ជាមួយគ្នានេះ សាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យពិច័យឱ្យបានហ្មត់ចត់មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថាក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ ត្រូវផ្តល់ព័ត៌មានមកធនាគារជាតិ។

ទន្ទឹមនឹងនេះ ធនាគារជាតិក៏លើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ៕

To Top