ព័ត៌មានជាតិ

ក្រសួងបរិស្ថាន និងក្រុមហ៊ុន Smart Axiata ចុះអនុស្សរណៈដើម្បីចូលរួមបណ្ដុះពន្លកបៃតង និងលើកកម្ពស់ការអនុវត្តសកម្មភាពបរិស្ថាន សម្រាប់ប្រទេសកម្ពុជាកាន់តែបៃតងស្អាត

ភ្នំពេញ៖​ នៅថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២៤ Smart Axiata ដែលជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ បានធ្វើការចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយនឹង ក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជាដើម្បីជម្រុញការធ្វើសកម្មភាពបរិស្ថាននៅទូទាំងប្រទេស។

ពិធីចុះអនុស្សររណៈនេះដែរ ត្រូវបានប្រព្រឹត្តឡើងនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន
ដោយមានការចូលរួមពីសំណាក់នាយកប្រតិបត្តិនៃក្រុមហ៊ុន Smart Axiata លោក Ziad Shatara ផ្ទាល់ រួមជាមួយនឹងមន្ត្រីរាជការ និងភ្ញៀវកិត្តិយសផ្សេងទៀត មកពីស្ថាប័នទាំងពីរផងដែរ។ ការចុះអនុស្សរណៈនេះ ពិតជាមានសារ​ៈសំខាន់ក្នុងការលើកកម្ពស់កិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នឯកជន ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយបម្រែបម្រួលអាកាសធាតុ។

ក្រុមហ៊ុន Smart Axiata បាននិងកំពុងគាំទ្រយ៉ាងពេញទំហឹងទៅលើព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងបរិស្ថាន ដូចជាកម្មវិធី ​ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដោយបាន ឧបត្ថម្ភផ្នែកហិរញ្ញវត្ថុដើម្បីគាំទ្រការបណ្ដុះពន្លកបៃតងព្រមទាំងចូលរួមផ្សព្វផ្សាយនៅលើបណ្ដាញសង្គមរបស់ Smart ផ្ទាល់ រួមទាំងបានចូលរួមផ្គត់ផ្គង់សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងកម្មវិធី ដូចជា អាវយឺត និងថង់បរិស្ថាន។

តាមរយៈកិច្ចសហការនេះ Smart Axiata នឹងបន្តចូលរួមផ្សព្វផ្សាយសកម្មភាពបរិស្ថានថ្នាក់ជាតិបែបនេះជាបន្ទាប់ទៀត ដូចជា យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” តាមរយៈការចែករំលែកយ៉ាងទូលំទូលាយ​នៅលើវេទិកាឌីជីថលរបស់ក្រុមហ៊ុន ដោយរួមមាន ការបញ្ជូនសារ SMS ការជូនដំណឹងនៅលើកម្មវិធីទូរសព្ទដៃ និងការប្រកាស នៅលើបណ្ដាញសង្គមផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន Smart ក៏បានគាំទ្រការបណ្ដុះពន្លកបៃតង មួយលានដើមសម្រាប់ចែកជូនប្រជាពលរដ្ឋ ក្នុងគោលបំណងបង្កើនគម្របព្រៃឈើ និងទប់ស្កាត់ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ។

កំឡុងពេលនៃកម្មវិធី លោក Ziad Shatara នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានសម្ដែងការប្ដេជ្ញា យ៉ាងមុតមាំ ពីគោលដៅរបស់ក្រុមហ៊ុនក្នុងការក្លាយខ្លួនជាក្រុមហ៊ុនដែលមានការបញ្ចេញឧស្ម័នកាបូនស្មើសូន្យត្រឹមឆ្នាំ ២០៥០ ស្របទៅតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។ មិនតែប៉ុណ្ណោះ លោកក៏បានបន្តទៀតថា “សម្រាប់ថ្ងៃអនាគត យើងនៅតែដើរតួជាសហគ្រាសគម្រូតាមរយៈការអនុវត្តផ្ទាល់ ដោយប្រើប្រាស់បច្ចេកវិទ្យាដើម្បីដោះស្រាយបញ្ហាអាកាសធាតុ និងចូលរួមធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ផ្សេងទៀតដើម្បីកសាងចីរភាពនាពេលខាងមុខ។”

លោក បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកពីសារៈសំខាន់នៃកិច្ចសហការរួមគ្នានេះថា “ការចុះហត្ថលេខាលើអនុស្សរណៈនេះជាការបោះជំហានយ៉ាងសំខាន់មួយឆ្ពោះទៅរកការជំរុញប្រទេសកម្ពុជាឱ្យកាន់តែបៃតងស្អាត។ ភាពជាដៃគូជាមួយក្រុមហ៊ុនឯកជនដែលមានការប្តេជ្ញាចិត្តដូចជា Smartមានសារៈសំខាន់ណាស់ក្នុងការសម្រេចបាននូវដំណាក់កាលទី១ នៃយុទ្ធសាស្ត្រ បញ្ចកោណ គោលដៅចីរភាពជាតិ និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់យើង”។

លោកក៏បានលើកឡើងផងដែរថា “ពន្លកបៃតងដែលដុះចេញពីការបណ្តុះកូនឈើក្រោមគំនិតផ្តួចផ្តើមរបស់គ្រួសារបរិស្ថាន ដៃគូសហការជាតិនិងអន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនដូចជា Smart Axiata គឺជាមរតកសម្រាប់កូនចៅជំនាន់ក្រោយរបស់កម្ពុជា”។ លោកក៏បានថ្លែងអំណរគុណ និងស្វាគមន៍ក្រុមហ៊ុន Smart Axiata ជាគ្រួសារបរិស្ថានសម្រាប់ទំនួលខុសត្រូវផ្នែកបរិស្ថាន និងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្អាត និងកាន់តែបៃតង។ សមិទ្ធផលរបស់ក្រុមហ៊ុន Smart Axiata ទៅលើ កិច្ចការបរិស្ថាន សង្គម និងអភិបាលកិច្ច(ESG) កន្លងមកនេះ បានសបញ្ជាក់យ៉ាងច្បាស់ពីការប្ដេជ្ញចិត្តរបស់ក្រុមហ៊ុនក្នុងអនុវត្តគោលការណ៍ចីរភាពនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ខណៈដែលក្រុមហ៊ុនបានចូលរួមលើសកម្មភាពសង្គមយ៉ាងសកម្មលើការជម្រុញសកម្មភាពបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Smart Axiata ក៏ជាក្រុមហ៊ុន ICT និងទូរគមនាគមន៍ដំបូងគេនៅកម្ពុជា ដែលបានបោះពុម្ពរបាយការណ៍ចីរភាពប្រចាំឆ្នាំផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុនបានបន្សល់នូវសមិទ្ធផលសំខាន់ៗជាច្រើនក្នុងការជំរុញសេដ្ឋកិច្ចបៃតង។ ជាក់ស្ដែងស្ថានីយអង់តែន 4G របស់ក្រុមហ៊ុន ប្រមាណជា ៤០% មានប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ដែលជួយកាត់បន្ថយនូវការបញ្ចេញឧស្ម័នកាបូន។ លើសពីនេះ ក្រុមហ៊ុនក៏បានប្រើប្រាស់នូវបច្ចេកវិទ្យាAI ថ្មី ដូចជា iPowerStar 2.0 ដើម្បីប្រើប្រាស់ថាមពលឱ្យប្រកបដោយប្រសិទ្ធភាព ដោយរក្សានូវបទពិសោធន៍របស់អតិថិជនឱ្យនៅរលូន។ 

ដោយឡែក ក្រុមហ៊ុនក៏បានអនុវត្តន៍ការគ្រប់គ្រងកាកសំណល់ដោយរួមបញ្ចូលសកម្មភាពដូចជា ការបែងចែកប្លាស្ទិកដើម្បីការកែច្នៃឡើងវិញ និងបណ្ដុះបណ្ដាលក្រុមការងារ ឱ្យមានស្មារតីទំនួលខុសត្រូវចំពោះបរិស្ថាន តាមរយៈការសន្សំសំចៃថាមពលអគ្គិសនី និងសន្សំសំចៃទឹក។

ក្រុមហ៊ុន Smart Axiata បានដើរតួនាទីយ៉ាងសកម្មក្នុងការចូលរួមចំណែកលើការអនុវត្តន៍សកម្មភាពបរិស្ថាន តាមរយៈការធ្វើការរួមគ្នាជាមួយក្រសួងបរិស្ថានលើគម្រោងជាច្រើនកន្លងមកដូចជា​ កម្មវិធីអារាមមេត្រីបរិស្ថាន វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថាន និងគម្រោងផ្ដល់ប្រភពទឹកស្អាតដល់សាលារៀននៅតាមជនបទ។

ការចុះអនុស្សរណៈនេះ ជាសក្ខីភាពបញ្ជាក់ពីតួនាទីរបស់ក្រុមហ៊ុន Smart Axiata ក្នុងនាមជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ និងបង្ហាញពីសារៈប្រយោជន៍នៃការពួតដៃគ្នាជាធ្លុងមួយរវាងស្ថាប័នរដ្ឋ និងឯកជន ក្នុងការសហការគ្នាដើម្បីធ្វើការលើបញ្ហាបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ ដោយប្រើប្រាស់ធនធាន និងជំនាញរួម៕

To Top