តាកែវ៖ ស្ពានតភ្ជាប់ភូមិក្រាំងធ្នង់-ព្រៃស្នួល ដែលបានបាក់ស្រុតដោយសារទឹកហូរច្រោះ កាលពីរដូវវស្សាកន្លងទៅ គិតត្រឹមថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ គឺត្រូវបានសាងសង់ឡើងវិញ ដោយសម្រេចបាន៩០ភាគរយហើយ។ ស្ពាននេះគឺស្ថិតនៅក្នុងឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។
បើតាមលោក សយ សុភាព បានឱ្យដឹងថា ស្ពាននេះ គឺជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្តល់តាមរយៈលោកឧត្តមសេនីយ៏ផ្កាយ៣ កែវ ស៊ឹម មេបញ្ជាការរងកងអង្គរក្ស ចុះមកដឹកនាំសាងសង់។
លោក សយ សុភាព បានឱ្យដឹងទៀតថា ទន្ទឹមនោះដែរ ការបន្តស្តារប្រឡាយសម្រាប់ស្រែប្រាំង ក៏កំពុងបន្តតាមផែនការ ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់គាំទ្រ។ ជារួមប្រឡាយនឹងធំជាងមុន ផ្លូវកាន់តែទូលាយ កាត់បន្ថយអសន្តិសុខ ដែលពីមុនគួរឱ្យព្រួយបារម្មណ៍។
ជំនួសមុខឱ្យអាជ្ញាធរ និងអ្នកភូមិព្រៃស្នួល ភាគច្រើនលើសលប់ លោក សយ សុភាព បានគោរពថ្លែងអំណរគុណ សម្តេចទាំងទ្វេ ដែលតែងតែផ្តល់ភាពកក់ក្តៅ និងការអភិវឌ្ឍន៏៕