ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ខេត្តកណ្តាល និងរាជធានីភ្នំពេញបានផ្តល់ភាពអំណោយផលច្រើន សម្រាប់ការនេសាទត្រីបានច្រើនដែលនេះ ផ្តល់ឱកាសសម្រាប់ប្រជាពលរដ្ឋចូលចិត្តធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលនាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេត បន្ទាប់ពីខ្នើតខែ មិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាដោយត្រីតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២-១០ មករា ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។
ដូច្នេះប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់មកទិញត្រី តាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។ ទន្ទឹមនេះរដ្ឋបាលជលផលក៏សំណូមពរដល់អាជ្ញាធរមូលដ្ឋានឫសមត្ថកិច្ចពាក់ព័ន្ធ ជួយសម្រួលដល់ពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូន តាមការគួរ៕