ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើត ក្រុមការងារចល័តមួយដោយមានគ្នាត្រឹមពី៤ទៅ៥នាក់ ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ ក្នុងគោលបំណងធ្វើយ៉ាងណា ឲ្យមានប្រសិទ្ធភាព នៃការបង្ក្រាបបទល្មើស ។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា ដោយសារការចរាចរផ្លាកលេខយានយន្តក្លែងក្លាយ នៅតែបន្តកើតមានឡើងនៅតាមបណ្តោយដងផ្លូវសាធារណនានា។
លោកឧបនាយករដ្ឋមន្រ្តី ស សុខាបានមានប្រសាសន៍នាពេលថ្មីនេះថា ក្រុមមន្រ្តីមានសមត្ថកិច្ចត្រូវតែរួមសហការគ្នា បើកប្រតិបត្តិការបង្ក្រាបផ្លាកលេខយានយន្តក្លែងក្លាយ ព្រោះទាំងរថយន្ត និងម៉ូតូការបំពាក់ផ្លាកលេខក្លែងក្លាយនៅតែកើតមានឡើង ខណៈផ្លាកលេខក្លែងក្លាយពេលខ្លះមើលអត់ដឹងនោះទេ ដោយសារមានការជាន់លេខដូចគ្នា។
រដ្ឋមន្រ្តីមហាផ្ទៃបន្តថា “ដូច្នេះខ្ញុំសូមឲ្យយកចិត្តទុកដាក់ ហើយជាពិសេសពិនិត្យក្នុងការបង្កើតក្រុមចល័តមួយ ហើយមានតាប់លេត ហើយមានការស្នើសុំការប្រើប្រាស់ពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីAccess ទៅលើផ្លាកលេខឡានទាំងអស់នោះ ។ មួយក្រុមនោះអត់មានច្រើនទេ ត្រឹមតែ៤ទៅ៥នាក់ប៉ុណ្ណោះ ដោយមានរឿងអីយើងឆែកភ្លាម ព្រោះផ្លាកលេខក្លែងក្លាយ យើងមើលអត់ដឹងនោះទេ ព្រោះគាត់ជាន់លេខដូចគ្នា ផ្លាកលេខមួយថាបាត់ គាត់ទៅជាន់លេខមួយទៀត ឲ្យបំពាក់លើឡានមួយទៀត ប៉ុន្តែឡានហ្នឹងវាអត់ត្រូវផ្លាកលេខ។ អីចឹងអាហ្នឹងស្រួលរកទេ ប៉ុន្តែបើឲ្យយើងមើលភ្នែកទទេថា ផ្លាកលេខហ្នឹងក្លែងក្លាយយើងមើលអត់ដឹងទេ”។
សម្រាប់ការងារបង្កើត ក្រុមការងារ ពិនិត្យ ផ្លាកលេខក្លែងក្លាយនេះ លោករដ្ឋមន្រ្តី ស សុខា ក៏ស្នើឲ្យសមត្ថកិច្ចបង្កើន ការយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្ត ព្រោះផ្លាកលេខ ក្លែងក្លាយ នៅតែជាបញ្ហាប្រឈមនៅក្នុងសង្គមជាតិ។ លោកថា ក្នុងករណីរកឃើញថា ពិតជាមានក្លែងបន្លំលើការធ្វើផ្លាក លេខក្លែងក្លាយត្រូវតែអនុវត្តទោស យ៉ាងតឹងរឹងបំផុត ៕