ភ្នំពេញ ៖ យ៉ាងហោចណាស់ មានមនុស្ស ៤នាក់ ត្រូវបានសមត្ថកិច្ច នគរបាលជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូន ទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែង អនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា តាមគោលការដឹកនាំ ប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ នេះបើតាមអ្នកនាំពាក្យរងក្រសួង មហាផ្ទៃលោកបណ្ឌិត ទូច សុឃ: ។
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំ ឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធ នឹងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ទោះល្បែងស៊ីសង លេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែង ស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ខណៈភ្លាមៗក្រោយចុះហត្ថលេខា លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកឱសានវាទ១សប្ដាហ៍ ឱ្យក្រុមអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអនុវត្តវិធានការក្ដៅ ដោយស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធសហការបិទរាល់គណនីក្ដី ផេកក្ដី គេហទំព័រក្ដី ដែលបន្តបំពានសារាចរណ៍ណែនាំ។
សម្រាប់អ្នកបំពាន៤នាក់ដំបូង ដែលសមត្ថកិច្ចឃាត់ខ្លួន និង បច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារនោះ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួន ជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្អែកលើភស្តុតាង គ្រប់គ្រាន់។ លោកបណ្ឌិត បន្ថែមថា ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការ ដ្ឋាននគរបាលជាតិ ក៏បានធ្វើសន្និសីទកាសែតបញ្ជាក់បន្ថែមអំពីលទ្ធផល នៃកិច្ចប្រតិបត្តិការបង្ក្រាបករណីការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នេះ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
គួរកត់សម្គាល់ថា គិតចាប់ពីពាក់កណ្ដាលខែធ្នូ ចុងឆ្នាំ២០២៤ មកដល់ពេលនេះ សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានថយចុះគួរឱ្យកត់សម្គាល់ ដោយម្យ៉ាងពួកគេមានការភ្ញាក់រលឹក និងយល់ដឹងពីផលវិបាក ចំពោះសង្គមជាតិ ហើយចូលរួមអនុវត្តសារាចរណែនាំ និងម្យ៉ាងពួកគេក៏ខ្លាចរអានឹង ចំណាត់ការដ៏ម៉ឺងម៉ាត់ របស់កម្លាំងមានសមត្ថកិច្ច។ នេះបើតាមការវាយតម្លៃជារួម ដោយលោកបណ្ឌិតអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ៕