ព័ត៌មានជាតិ

ស្នាក់ការសាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម សាងសង់បានប្រមាណជា ៩០% ហើយ

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត នៅថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេតចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារស្នាក់ការ សាខាសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ចាម ដែលមានទីតាំងស្ថិតនៅភូមិទី៧ ក្បែរសាលាសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

នាឱកាសនោះ លោក អ៊ុន ចាន់ដា បានណែនាំដល់ជាងដែលកំពុងទទួលការសាងសង់ ធ្វើឲ្យបានត្រឹមត្រូវទៅតាមប្លង់ដែលបានគ្រោងទុក និងពិនិត្យមើលឡើងវិញ នូវចំណុចខ្វះខាត់មួយចំនួន ដូចជា បរិស្ថានជុំវិញ ផ្លូវចូល កន្លែងធ្វើការ កន្លែងប្រជុំ និងជាពិសេសជណ្ដើរសម្រាប់ជនពិការ ដើម្បីកែសម្រួលឡើងវិញ និងដាក់ឆ្លងយោបល់ពីសំណាក់ លោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ធ្វើយ៉ាងណាឲ្យអគារស្នាក់ការនេះ មានលក្ខណៈស្តង់ដារ និងស្រស់ស្អាតទៅតាមការគ្រោងទុករបស់ថ្នាក់ដឹកនាំ។

បើតាមការបញ្ជាក់របស់ អ្នកទទួលការសាងសង បានឲ្យដឹងថា អគារស្នាក់ការសាខាសមាគម អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម បានចាប់ផ្ដើមការសាងសងអស់រយៈពេល ៨ខែហើយ នេះបើគិតចាប់តាំងពីថ្ងៃបញ្ចុះបឋមសិលាសាងសង់ កាលពីនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដែលមកដល់ពេលនេះសំណង់ខាងលើ សម្រេចការសាងសង់បានប្រមាណជាង ៩០%ហើយ ដោយគ្រោងនឹងដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ៕

To Top