ស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានស្នើប្រជាពលរដ្ឋបញ្ឈប់ការជឿលើពួកមេខ្យល់ ដែលញុះញង់ឱ្យមកទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។
ការស្នើរបស់ លោក សរ សុពុត្រា នាឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាម នៅតំបន់អូរចំបក់ និងអូរសេវ នៃឃុំភ្លុក ឃុំសាមឃួយ និងឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅថ្ងៃព្រហស្បតិ៍ ទី ២ ខែមករា ឆ្នាំ ២០២៥។
ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានមានប្រសាសន៍ថា គោលការណ៍ “ឈ្នះ-ឈ្នះ” គឺជាគន្លឹះសំខាន់ ក្នុងការផ្លាស់ប្តូរការរស់នៅលើដីខុសច្បាប់ឱ្យមកស្របច្បាប់វិញ។
លោក អភិបាលខេត្ត បានបញ្ជាក់ថា ការជឿលើពួកមេខ្យល់ដែលញុះញង់ឱ្យបងប្អូនប្រជាពលរដ្ឋធ្វើសកម្មភាពកាន់កាប់ដីខុសច្បាប់ នឹងនាំឱ្យបងប្អូនខាតពេលវេលា ខាតបង់លុយកាក់ និងអាចត្រូវទទួលខុសត្រូវចំពោះច្បាប់។ លោក ថា «សូមបញ្ឈប់ការជឿលើ (ចាញ់បោក) ពួកមេខ្យល់ ដែលញុះញង់នាំបងប្អូនមកទន្ទា្រនកាន់កាប់ដីដោយខុសច្បាប់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង»។
លោក អភិបាលខេត្ត បន្ថែមថា ការរស់នៅស្របច្បាប់មិនត្រឹមតែជាការការពារសិទ្ធិរបស់បងប្អូនទេ ប៉ុន្តែជាការចូលរួមក្នុងការកសាងសង្គមប្រកបដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការជាធរមានក្នុងសហគមន៍៕