ភ្នំពេញ ៖ ក្នុងរយៈពេល ២ថ្ងៃ ចុងក្រោយនៃឆ្នាំ២០២៤ គឺនាថ្ងៃទី៣០ និង៣១ ខែធ្នូ ដែលមនុស្សជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរ កំពុងត្រៀមអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៥ ករណីក្មេងទំនើងទូទាំងប្រទេស បានថយចុះគួរឱ្យសម្គាល់ ពោលគឺមានតែ៦ករណីប៉ុណ្ណោះ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ។
បើតាមលោកបណ្ឌិត ទូច សុឃៈ ៦ករណីនេះ សមត្ថកិច្ចនគរបាលជាតិ បានក្រសោបឃាត់ខ្លួនក្មេងទំនើងបាន ចំនួន ២៣នាក់ ដោយក្នុងចំណោមនោះ ក៏មានដែរករណីបង្ហោះវីដេអូ ទំនើងឌឺដង ប៉ងប្រើហិង្សាដាក់គ្នាទៅវិញទៅមក លើបណ្ដាញសង្គម រហូតត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងចុះទៅចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ ។
គួរកត់សម្គាល់ថា នៅមុនដំណាច់ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសមួលខ្ចៅបន្តឹង ដោយចេញបញ្ជា ឱ្យអាជ្ញាធរមូលដ្ឋាន និងកងកម្លាំង បើកប្រតិបត្តិការបង្ក្រាបឱ្យម៉ឺងម៉ាត់ និងចាប់បញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារតែម្ដង បន្ទាប់ពីឃើញករណីនេះកម្រើកឡើងវិញ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ តាមដាន និងតម្រង់ទិសបន្ថែមទៀត ដើម្បីពង្រឹងប្រសិទ្ធភាព នៃការបង្ក្រាបករណីក្មេងទំនើង។
លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ករណីក្មេងទំនើង បានក្លាយជាប្រធានបទចោទខ្លាំង មួយក្នុងសង្គមកម្ពុជា ដែលបញ្ហានេះ នឹងមិនអាចដោះស្រាយបញ្ចប់ ដោយមានត្រឹមតែយន្តការ រាជរដ្ឋាភិបាល អាជ្ញាធរ ឬកងកម្លាំងនោះឡើយ ពោលគឺក៏ទាមទារចាំបាច់ នូវការអប់រំ ណែនាំ និងតាមដានយ៉ាងសកម្មបំផុតពីឪពុក ម្ដាយ ឬអាណាព្យាបាល ចាស់ទុំក្នុងសហគមន៍ និងលោកគ្រូ អ្នកគ្រូជាដើម ។
លោកបណ្ឌិត ក៏បានអំពាវនាវជាថ្មីទៀតដល់យុវជន យុវតីដែលបាននិងកំពុងជ្រុលខ្លួន ក្លាយជាមុខសញ្ញាក្មេងទំនើង សូមកែប្រែឥរិយាបទ ងាកមកខិតខំរៀនសូត្រចំណេះដឹងទូទៅ និងជំនាញផ្សេងៗ ដើម្បីអនាគតខ្លួន សេចក្ដីសុខក្រុមគ្រួសារ និងសណ្ដាប់ធ្នាប់សង្គម ៕