ភ្នំពេញ ៖ រដ្ឋបាលខេត្តកណ្តាល ប្រកាសថា រាល់ការប្រកបអាជីវកម្ម អភិវឌ្ឍន៍លំនៅឋាន អាជីវកម្មអភិវឌ្ឍន៍អគារ សហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ត្រូវមកសុំអាជ្ញាបណ្ណ ពីនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ឬលិខិតអនុញ្ញាតពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត។
ការលើកឡើងរបស់រដ្ឋបាលខេត្តនេះ បន្ទាប់រដ្ឋបាលខេត្ត បានពិនិត្យឃើញថា ក្នុងភូមិសាស្ត្រខេត្តកណ្តាល មានអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ និងបញ្ចាំមួយចំនួន នៅមិនទាន់មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្មនៅឡើយ។
បើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាល ខេត្តកាលពីថ្ងៃ៣១ ធ្នូ បានឲ្យដឹងថា ដើម្បីទប់ស្កាត់នូវសកម្មភាព ប្រកបអាជីវកម្ម ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត ព្រមទាំងលើកទឹកចិត្តដល់ការធ្វើធុរកិច្ចប្រកប ដោយសុច្ចរិត រដ្ឋបាលខេត្តកណ្តាល ក្រើនរំលឹកដល់ម្ចាស់អាជីវកម្មអភិវឌ្ឍលំនៅឋាន អាជីវកម្មអភិវឌ្ឍន៍អគារ សហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍន៍ដីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទានទាំងអស់ ត្រូវរៀបចំបំពេញ បែបបទ និងនីតិវិធីស្នើសុំអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតអាជីវកម្ម ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រោយពីផុតកាលបរិច្ឆេទកំណត់ខាងលើនេះ រាល់ការប្រកបអាជីវកម្ម អភិវឌ្ឍន៍លំនៅឋាន អាជីវកម្មអភិវឌ្ឍន៍ អគារសហកម្មសិទ្ធ អាជីវកម្មអភិវឌ្ឍដីឡូត៍ អាជីវកម្មបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដោយគ្មានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត គឺជាអំពើល្មើសដែលត្រូវបញ្ឈប់សកម្មភាព និងរងពិន័យជាទឹកប្រាក់ដូចមានចែងក្នុងបទប្បញ្ញត្តិ ជាធរមាន។ ក្នុងន័យនេះផងដែរ រដ្ឋបាលខេត្ត ស្នើដល់គ្រប់ស្ថាប័ន មន្ទីរ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង-ស្រុក រដ្ឋបាល ឃុំ-សង្កាត់ ចូលរួមសហការ អនុវត្តសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងករណីមិនអនុវត្តតាមការ ណែនាំខាងលើ រដ្ឋបាលខេត្តកណ្តាល នឹងមិនអនុញ្ញាតឲ្យបន្តធ្វើអាជីវកម្ម អភិវឌ្ឍអចលនវត្ថុ និងបញ្ចាំជាដាច់ខាត៕