ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានសហភាព សហព័ន្ធយុវជន កម្ពុជា ដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបញ្ជាក់ថា ប្រជារាស្រ្តកម្ពុជាមានភ័ព្វសំណាងដែលបានរស់ក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះរាជហឫទ័យសណ្តោសប្រោសប្រណី ដ៏ជ្រាលជ្រៅរបស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានផ្តល់នូវភាពកក់ក្តៅ និងសុខដុមរមនាក្រៃលែង ដល់កូនចៅ ចៅទួត។
លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងថា «ក្នុងស្មារតីចងចាំនូវព្រះមហាករុណាទិគុណ ដ៏ប្រពៃថ្លៃថ្លានេះ សហភាពសហព័ន្ធ យុវជនកម្ពុជា ក្នុងនាមជាស្ថាប័នតំណាង ឱ្យយុវជនកម្ពុជា ដ៏ធំមួយតែងរៀបចំកម្មវិធីនានា ដែលសម្តែងនូវកត្តញ្ញូកតវេទី របស់ទូលព្រះបង្គំយើងខ្ញុំ ថ្វាយអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលមានជាអាទិ៍ ព្រះរាជពិធី ថ្វាយព្រះពរសង្រ្កាន្តឆ្នាំថ្មី ព្រះរាជពិធី ១០០ ព្រះវស្សា នៃព្រះបិតាជាតិ កម្មវិធីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ កម្មវិធីថ្វាយព្រះពរក្នុងឱកាសខួបទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ និងព្រឹត្តិការណ៍ «សាទរកម្ពុជា»។
សារជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលទ្រង់ ព្រះបរមរាជានុញ្ញាត ប្រោសព្រះរាជទានដល់ទូលបង្គំយើង ខ្ញុំបានរៀបចំកម្មវិធី «សាទរកម្ពុជា» នៅខាងមុខព្រះបរមរាជវាំង ដែលបានបង្ហាញ នូវការសាទររបស់មហាគ្រួសារខ្មែរ ក្រោមម្លប់នៃព្រះមហាក្សត្រ។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្ថែមថា «ទូលព្រះបង្គំយើង ខ្ញុំទាំងអស់គ្នា សូមប្តេជ្ញាការពាររាល់ សមិទ្ធផលទាំងឡាយ ដែលបានបន្សល់ទុកដោយបុព្វបុរសរាប់មិនអស់ មិនឱ្យកត្តាណាមួយមកបំផ្លិចបំផ្លាញ ទោះជាក្នុងតម្លៃណាក៏ដោយ។ ទូលព្រះបង្គំយើងខ្ញុំ ដង្ហែតាមព្រះរាជតម្រិះ នៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងការដឹកនាំ ព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ត្រើយសន្តិភាព សុភមង្គល និងសុខដុមរមនា»៕