ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ៖ ត្រូវបន្តធ្វើនវានុវត្តន៍ ដើម្បីវិស័យសុខាភិបាល

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ក្រសួងសុខាភិបាល នាថ្ងៃ២ មករា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះ បណ្តាលធនធានមនុស្ស វិស័យសុខាភិបាល។

សាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីផ្តល់ជាការគិតពិចារណាធ្វើឱ្យបញ្ញាកាន់តែមុតស្រួច ស្មារតីកាន់តែវៃឆ្លាត និងនិរន្តរភាពតទៅថ្ងៃមុខ ជាពិសេសក្របខ័ណ្ឌនៃការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដោយត្រូវមានវិធីសាស្ត្រនៃការវាស់វែងបញ្ហាប្រឈមជួបប្រទះ នាពេលកន្លងមកទាំងក្នុងតំបន់ និងជាសកលយុទ្ធសាស្ត្រ ព្រមទាំងធ្វើការដោះស្រាយបញ្ហា ទាក់ទងនឹងធនធានមនុស្ស បច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការបណ្ដុះបណ្ដាលធនធាន មនុស្សសុខាភិបាលនៅកម្ពុជា និងមាគ៌ាឆ្លុះបញ្ចាំង សំដៅដល់ការរកដំណោះស្រាយ។

គន្លឹះសំខាន់ៗទាំងនោះរួមមាន៖ស្វែងយល់អោយបានស៊ីជម្រៅអំពីបញ្ហាជារួម ទាំងទិដ្ឋភាពបរិមាណ និង គុណភាព រួមទាំងការរាយបែងចែកធនធានមនុស្ស។ ស្វែងយល់ឲ្យបានស៊ីជម្រៅអំពីបញ្ហាដែលធ្លាប់មានកន្លងមក និងបញ្ហាសកល។ ស្វែងយល់ឲ្យបានស៊ីជម្រៅអំពីបញ្ហាទាំងឡាយដែលបានលើកដោយគ្រប់ភាគីពាក់ព័ន្ធ និងដែលពុំទាន់ដោះស្រាយបាន ដោយពិនិត្យទាំងទិដ្ឋភាពយុទ្ធសាស្ត្រ និងកម្មវិធីគាំទ្រ ជាសកម្មភាពដែលត្រូវអនុវត្តន៍។

ក្នុងនោះស្ថានភាពសុខាភិបាល អំពីផ្នែកធនធានមនុស្ស ត្រូវជាព័ត៌មាន ដែលមានតួលេខច្បាស់លាស់ ការចាត់ចែងគ្រប់គ្រង ធនធានមនុស្ស លើកិច្ចការបណ្តុះបណ្តាល លើការចូលរួមចំណែកពីសហភាតរៈដៃគូរអន្តរជាតិ។ ការវិភាគលើបញ្ហាចម្បងៗ អំពីធនធានមនុស្ស៖ កខ្វះខាតជាសកល និងតាមប្រភេទនានានៃធនធានមនុស្ស ប្រព័ន្ធផ្គត់ផ្គង់ ការបែងចែក និងការបណ្តុះបណ្តាល ។ មូលដ្ឋានពិចារណា សំរាប់ជាដំណោះស្រាយ ដែលរួមវិធានដែលធ្វើបាន និងការរៀបចំជាគម្រោងផែនការយុទ្ធសាស្ត្រ៖ ជារួមលើទិដ្ឋភាពហិរញ្ញវត្ថុ គម្រោងសាកល្បង និងគ្រប់គ្រង ការរៀបចំបណ្តុះបណ្តាល ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ដែលតែងតែយកចិត្តទុកដាក់ ក្នុងការពង្រឹងការងារបណ្ដុះបណ្ដាល ក្នុងវិស័យសុខាភិបាលដើម្បីធានានូវគុណភាព និងសមត្ថភាពរបស់ធនធានមនុស្សសុខាភិបាល៕

To Top