ភ្នំពេញ ៖ ក្នុងរយៈពេលពេញ ១ឆ្នាំ នៃឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជាបានទទួលពាក្យបណ្តឹងចំនួន ៤៣ករណី ហើយបានធ្វើលិខិតអន្តរាគមន៍ទៅកាន់ស្ថាប័នពាក់ព័ន្ធចំនួន ១៣ករណី និងលិខិតមួយចំនួនទៀតកំពុងពិនិត្យសិក្សា។ នេះបើតាមការផ្សព្វផ្សាយពីបណ្តាញ ទំនាក់ទំនងរបស់រដ្ឋសភានាថ្ងៃ២ មករា ។
រដ្ឋសភាក៏បានគូសបញ្ជាក់ថា រាល់សំណូមពររបស់ម្ចាស់ឆ្នោត ដែលបានមកដល់រដ្ឋសភា ត្រូវបានចាត់ចែងតាមនីតិវិធីភ្លាមៗ។ នៅត្រង់ចំណុចនេះ គេអាចនិយាយបានថា ទីណាមានទុក្ខមានមុខតំណាងរាស្រ្ត។ សុខទុក្ខបស់ប្រជាពលរដ្ឋត្រូវបានរដ្ឋសភាទុកជាអាទិភាព។
ក្នុងការបំពេញតួនាទី តាមដានការអនុវត្តច្បាប់វិញ ឆ្នាំ២០២៤ គណៈកម្មការជំនាញទំាង១០របស់រដ្ឋសភា បានអញ្ជើញថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អង្គភាពរបស់រាជរដ្ឋាភិបាល មកជួបប្រជុំពិភាក្សាការងារគ្នាបានចំនួន ៣៩លើក។
ក្នុងបុព្វហេតុតែមួយគឺបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ ថ្នាក់ដឹកនាំក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល បានអញ្ជើញមកប្រជុំពិភាក្សាការងារជាមួយ គណៈកម្មការជំនាញរដ្ឋសភាទំាង១០ ទៅតាមវិស័យដែលគណៈកម្មការទទួលខុសត្រូវ មានដូចជាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ការវិនិយោគ កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ វប្បធម៌ សាសនា សង្គមកិច្ច សុខាភិបាល សាធារណការនិងដឹកជញ្ជួន បរិស្ថាន ច្បាប់ សិទ្ធិមនុស្ស ប្រជាធិបតេ្យ យេនឌ័រ រហូតដល់ការងារសហប្រតិបត្តិការអន្តរជាតិ ជាដើម នៅក្នុងការស្វែងយល់ពីវឌ្ឍនភាពការងារ ក៏ដូចជាផលលំបាកនានា នៅក្នុងការអនុវត្តច្បាប់ ដើម្បីរកវិធីកែសម្រួលនិងដោះស្រាយឱ្យកាន់តែប្រសើរឡើង។
លទ្ធផលដែលរដ្ឋសភាសម្រេចបាននៅក្នុងរយៈពេលមួយឆ្នាំមកនេះ មានផ្លែផ្កាជាទីមោទន។ ក្នុងការធានាការពារផលប្រយោជន៍ជូនប្រជាពលរដ្ឋ រដ្ឋសភាបានរួមសហការជាមួយរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធយ៉ាងជិតស្និទ្ធដើម្បីធានាថា ផលប្រយោជន៍របស់ពលរដ្ឋ ត្រូវបានការពារនិងដោះស្រាយប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស។ ជាពិសេសធានាការពារឱ្យបាននូវសុខសន្តិភាព ស្ថិរភាពសង្កម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេសជាតិ៕