ភ្នំពេញ៖ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលអូស្ត្រាលី សម្រាប់ឆ្នាំ២០២៥ ចំនួន២៦រូប ចូលជួបសំណេះសំណាល មុនពេលចេញដំណើរទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅក្នុងប្រទេសអូស្ត្រាលី។
តាមរយៈការជួបសំណេះសំណាល នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី សុវណ្ណ វណ្ណារតន៍ បានសម្តែងការអបអរសាទរដល់ និស្សិតជ័យលាភីទាំងអស់ ដែលបានទទួលអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជឿជាក់ថាការសិក្សារបស់និស្សិតជ័យលាភី នឹងទទួលបានជោគជ័យ មានសមត្ថភាពកាន់តែខ្ពស់ ដែលល្អបំផុតសម្រាប់ខ្លួនឯងផ្ទាល់ ក្រុមគ្រួសារ អាណាព្យាបាល និងអ្នកជាទីស្រលាញ់ ចំពោះសាមីស្ថាប័ន ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងប្រទេសដែលផ្ដល់អាហារូបករណ៍ឱ្យ។
លោកស្រី សុវណ្ណ វណ្ណារតន៍ ក៏បានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជា ដោយត្រូវបង្ហាញពីភាពស្មោះត្រង់ ភាពឧស្សាហ៍ព្យាយាម និងវប្បធម៌ដ៏ល្អរបស់ជនជាតិខ្មែរ ដើម្បីបង្ហាញពីភាពវិជ្ជមាន វឌ្ឍនភាពសង្គម ឱកាសវិនិយោគ និងភាពផូរផង់នៃ វប្បធម៌ប្រពៃណីរបស់ជាតិ ទៅដល់បរទេសដែលជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់រូប។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី សង្ឃឹមថានិស្សិត ជ័យលាភីទាំងអស់គ្នានឹងទទួលបានជោគជ័យក្នុងដំណើរសិក្សានេះ ដើម្បីបង្កើនពុទ្ធិ ក្រេបយកចំណេះដឹង និងបទពិសោធបន្ថែមពីប្រទេសអូស្ត្រាលី និងព្រមទាំងពាំនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធវិលត្រលប់មក បម្រើការងារនៅមាតុប្រទេសវិញ ក្នុងនាមជាមូលធនមនុស្សកម្ពុជា ប្រកបដោយថាមពល និងថាមវន្តដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា៕