ព័ត៌មានជាតិ

កម្ពុជា-គុយបា ប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តគាំទ្រគ្នាទៅវិញ ទៅមក នៅលើឆាកអន្តរជាតិ

ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី២ មករា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំកម្ពុជា បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម និងបានបញ្ជាក់ជាច្រើនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តគាំទ្រគ្នាទៅវិញ ទៅមកនៅលើឆាកអន្តរជាតិ។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច កម្រិតខ្ពស់ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅប្រទេសគុយបា និង ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីគុយបា នៅកម្ពុជា ក្នុងឆ្នាំ២០២២ ដែលបានផ្តល់គុណ តម្លៃយ៉ាងខ្លាំងបន្ថែមដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងកម្ពុជា និង គុយបា។

ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ឯកអគ្គរដ្ឋទូត បានកោតសរសើរដល់វឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការកម្ពុជា-គុយបា ក្នុងវិស័យសុខាភិបាល កសិកម្ម អប់រំ កីឡា និងការផ្លាស់ប្តូរ ព័ត៌មាន ព្រមទាំងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសគុយបា ដែលបាន ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែ ទៅជាមជ្ឈមណ្ឌលឯកទេសព្យាបាលជំងឺមហារីក និងស្វាគមន៍ចំពោះការ ផ្លាស់ប្តូរនិងចែករំលែកជំនាញវេជ្ជសាស្ត្រ។

ឧបនាយករដ្ឋមន្ត្រី និងលោកស្រី ឯកអគ្គរដ្ឋទូត បានពិភាក្សាអំពីការប្រារព្ធខួប លើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងគុយបា តាមរយៈការរៀបចំសកម្មភាពរួមគ្នានានា ប្រកបដោយអត្ថន័យខ្លឹមសារ៕

To Top