ព័ត៌មានជាតិ

លោកបណ្ឌិត កៅ មុយថង ៖ ក្នុងឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ចិន នឹងមានការរីកចម្រើន បន្ថែមទៀត ជាពិសេស ទំនាក់ទំនងខាងសេដ្ឋកិច្ច កាន់តែល្អប្រសើរ

អ្នកវិភាគសង្គម លោកបណ្ឌិត កៅ មុយថង បានឱ្យដឹង នៅថ្ងៃសុក្រនេះថា លោកមានជំនឿថា នៅឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំង២ កម្ពុជា-ចិន នឹងមានការរីកចម្រើន បន្ថែមទៀត ជាពិសេស មានទំនាក់ទំនង ខាងសេដ្ឋកិច្ច កាន់តែល្អប្រសើរ ជាងពេលមុនៗ ។

លោកបណ្ឌិតបញ្ជាក់ថា ៖ «ក្នុងន័យនេះដែរ ខ្ញុំមានជំនឿថា ប្រទេសទាំង២ នឹងបន្តរួមចំណែកក្នុងការសម្របសម្រួលស្ថានភាព នៅក្នុងកិច្ចការនយោបាយ ច្បាប់ និងសេដ្ឋកិច្ច ជាពិសេសនៅក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម បច្ចេកវិទ្យា សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ហើយការសម្របសម្រួលស្ថានភាពនៅក្នុងកិច្ចការនយោបាយ ច្បាប់ ពាណិជ្ជកម្ម និង សេដ្ឋកិច្ចនឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគី នៃប្រទេសយើងទាំង២ កាន់តែភាពប្រសើរថែមទៀត…បានសេចក្តីថា ប្រសិនបើប្រទេសទាំងពីររួមគ្នា កសាងបាននូវការជឿ ទុកចិត្តគ្នា និងការអនុវត្តយុទ្ធសាស្ត្រ ដែលអាចនាំឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ច កាន់តែប្រសើរ នោះប្រជាតិយើងទាំងពីរ នឹងទទួលបានអត្ថប្រយោជន៍ខ្ពស់ នៅក្នុងការសហការ ប្រតិបត្តិការទាំងនេះ ។»

សម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានកំណត់ជាឆ្នាំ «នៃការផ្លាស់ប្តូរប្រជាជនកម្ពុជា និងប្រជាជនចិន» នោះលោកបណ្ឌិតមើលឃើញអំពីការរីកចម្រើន ហើយក៏សូមចូលរួមត្រេកអរ ជាមួយនឹង ការជឿជាក់ ដែលប្រទេសទាំង២ កម្ពុជានិងចិន ពិតជាបានរៀបចំព្រឹត្តិការណ៍ ជាច្រើនណាស់ ដើម្បីបង្ហាញពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីមួយ ដែលមានន័យយ៉ាងជ្រាលជ្រៅ ក្នុងការចងក្រងនូវភាពជឿទុកចិត្តគ្នា និងបង្ហាញពីសាមគ្គីភាពក្នុងកិច្ចការពង្រឹងទំនាក់ទំនង ពីមិត្តភាពដែកថែប ទៅកាន់មិត្តភាពត្បូងពេជ្រ ក្នុងងនោះ មានការសម្តែង សិល្បៈរួមគ្នា និងព្រឹត្តិការណ៍ផ្សេងៗទៀត ដែលពិតជាបានបង្ហាញ ឲ្យឃើញពីជំហានឆ្ពោះ ទៅរកការបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកអំពីវប្បធម៌ និងប្រពៃណី របស់ប្រជាជននៃប្រទេសយើងទាំងពីរ។
លោកបណ្ឌិតថា ព្រឹត្តិការណ៍ទាំងនោះមិនត្រឹមតែបង្ហាញ ពីការផ្លាស់ប្តូរការយល់ដឹងផ្នែកវប្បធម៌ និងសង្គមទេ ប៉ុន្តែ ថែមទាំងបង្ហាញពីការអភិវឌ្ឍកាន់តែល្អ និងការជំរុញ កិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កម្ពុជានិងចិន ទៀតផង ៕

To Top