ភ្នំពេញ៖ គេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៊ី នេះយោងតាមការផ្សាយដោយសារព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-04-1024x767.jpg)
តាមការគូសបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា Agoda បានបង្ហាញថា ជាមធ្យម បន្ទប់ស្នាក់នៅក្នុងរាជធានីភ្នំពេញ មានតម្លៃមិនលើសពី ៦៧ដុល្លារអាមេរិក នៅថ្ងៃចុងក្រោយនៃឆ្នាំ២០២៤។ ចំនួន ៦៧ដុល្លារនេះ ទាបជាងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលមានតម្លៃជាមធ្យម ៧៩ដុល្លារ និងទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ដែលមានតម្លៃជាមធ្យម ៩២ដុល្លារ ។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-07-1024x768.jpg)
ពិធីបុណ្យចូលឆ្នាំសកល ឆ្នាំ២០២៥ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមបំផុត នៅកម្ពុជា ជាពិសេសនៅរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេស សរុបជាង ៣,៥ លាននាក់ បានដើរកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ និងបង្ហាញស្នាមញញឹម ដែលបង្កប់ដោយមោទនភាពជាតិយ៉ាងជ្រាលជ្រៅបំផុត។ ចំណែកបុណ្យឆ្លងឆ្នាំសកល២ថ្ងៃ នៅរាជធានីភ្នំពេញ ទទួលបានភ្ញៀវទេសចរជាង១លាន៥សែននាក់ ។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-10-1024x767.jpg)
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នានាវិញ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធគិតគូរ និងពង្រឹងដូចកម្មវិធីធំៗ របស់ជាតិកន្លងមកដែរ គឺសំដៅធានាសុវត្ថិភាព និងសន្តិសុខជូនប្រជាពលដ្ឋ មកលេងកម្សាន្ត មិនឱ្យមានការបារម្ភអ្វីឡើយ។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-13-1024x768.jpg)
នេះគឺជាសក្ខីភាពដែលសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមានក្តីសង្ឃឹម និងបញ្ចេញស្នាមញញឹមគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ជាពិសេសពេលមានពិធីបុណ្យធំៗ ដូចជាព្រះរាជពិធីបុណ្យអុំទូកកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងពិធីបុណ្យឆ្លងឆ្នាំសកលនាពេលនេះជាដើម។ ក្រៅពីនោះ ប្រជាពលរដ្ឋខ្មែរក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ ក៏មានពេលវេលាសប្បាយរីករាយនៅរាល់ចុងសប្តាហ៍ ឬក្នុងពិធីផ្សេងៗជាច្រើនទៀត ពីព្រោះ កម្ពុជាមានសុខសន្តិភាពពេញលេញរយៈពេលយូរមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយ ដែលធ្វើឱ្យប្រជាពលរដ្ឋ បានស្គាល់ការរស់នៅបែបស៊ីវិល័យ ដែលមិនធ្លាប់មានពីមុន៕
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-17-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-20-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-23-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-26-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-30-1024x766.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-33-1024x767.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-36-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-03_16-27-39-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)