ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំស្តីពីការអនុវត្តយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដើម្បីជំរុញឱ្យយុទ្ធនាការនេះ ប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។
តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួង បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
យុទ្ធសាស្ត្រនេះ បានតម្រង់ទិសនិងចង្អុលបង្ហាញពីការងារអាទិភាព ការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធាន ធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ជាមួយនឹងសសរស្តម្ភចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» ដែលជាការចូលរួមចំណែកក្នុងវិស័យបរិស្ថាន ការលើកកម្ពស់សោភ័ណភាព បរិស្ថាន អនាម័យ សុខភាពសាធារណៈ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍមាតុភូមិឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខជា និច្ចនិរន្តរ៍។
ដើម្បីភាពស្អាតនៅកម្ពុជា ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកជាជំហានៗ ក្នុងនោះយុទ្ធនាការទី១ ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបង្ហាញពីការប្តេជ្ញាចិត្តចូលរួមដើម្បីកម្ពុជាស្អាត គ្មានការ បំពុលដោយសំណល់ប្លាស្ទិក និងយុទ្ធនាការទី២ គឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បានចាប់ផ្តើមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដែលជាសកម្មភាពសម្អាត និងប្រមូលសំរាម និងសំណល់ប្លាស្ទិកនៅតាមបរិវេណ លំនៅឋាន សហគមន៍ សាលារៀន វត្តអារាម និងទីសាធារណៈនានា។
យុទ្ធនាការទាំងពីរនេះ ទទួលបាន ការគាំទ្រនិងជោគជ័យជាបន្តបន្ទាប់ ដោយមានកិច្ចសហការល្អពីក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ កម្មករ-កម្មការនី ព្រះសង្ឃ និងប្រជា ពលរដ្ឋទូទាំងប្រទេស។
ក្នុងទិសដៅបន្តសម្អាតកម្ពុជា ក្រសួងបរិស្ថានបានកំណត់យកថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បើកយុទ្ធនាការជំហានទី៣ គឺ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ក្នុងគោលបំណងដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន នៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេសកាន់តែស្រស់ស្អាត មានអនាម័យ និងសណ្តាប់ធ្នាប់ល្អ ដើម្បីជាភាពទាក់ទាញអ្នកវិនិយោគ អ្នកទេសចរណ៍ មកប្រទេសកម្ពុជាកាន់តែច្រើនឡើងជាពិសេសដើម្បីការរស់នៅប្រកបដោយផាសុខភាព និងភាពស៊ីវិល័យ៕