ភ្នំពេញ ៖ ការពង្រីកទីតាំងផលិតកម្មថ្មីៗ របស់រោងចក្រ សហគ្រាស បង្ហាញពីការរីកចំរើន លើវិស័យការងារ និងសុខដុមនីយកម្ម នៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ។ នេះជាការលើកឡើង របស់ លោក ងុយ រិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់អគារ ផលិតកម្ម រោងចក្រស៊ិដស៍ ហ្កាមេន ខេមបូឌា ស្ថិតនៅក្នុងសង្កាត់ ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃព្រឹកសុក្រ ទី២ ខែមករា ឆ្នាំ២០២៥។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-04_09-04-47-1024x683.jpg)
ថ្លែងនៅក្នុងពិធីសម្ពោធនេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការយកចិត្តទុកដាក់ ពីសំណាក់និយោជក សហជីព និងបណ្តាភាគីពាក់ព័ន្ធដ៏ទៃទៀត នៅក្នុងរោងចក្រសហគ្រាស គឺជាកត្តាមួយយ៉ាងសំខាន់ សម្រាប់ធ្វើឱ្យសហគ្រាស មួយមានផលិតភាព និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈល្អប្រសើរដែលអាចឈានដល់ការពង្រីកអាជីវកម្ម បង្កើតឱកាសការងារជាច្រើន កន្លែងបន្ថែមទៀត ដល់ពលរដ្ឋកម្ពុជា ។ ដែលទាំងនេះគឺ ជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បាន និងកំពុងយកចិត្ត ទុកដាក់ខ្ពស់បំផុត។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-04_09-04-51-1024x683.jpg)
លោករដ្ឋលេខាធិការមើលឃើញថា ការរីកចម្រើន របស់រោងចក្រ ស៊ិដស៍ ហ្កាមេន ខេមបូឌា ក៏ជាផ្នែកមួយយ៉ាងសំខាន់ បានមកពីការគោរពបាននូវលក្ខខណ្ឌការងារ និងការផ្តល់អត្ថប្រយោជន៍ ពេញលេញស្រប តាមច្បាប់ស្តីពីការងារ និងលិខិតបទដ្ឋានគតិយុត្តិ របស់កម្ពុជា ដែលទាំងនេះ ហើយធ្វើឱ្យទំនាក់ទំនងរវាងថៅកែ និងកម្មករ មានភាពល្អប្រសើរ ធ្វើការងារប្រកបដោយភាព រីករាយដូចគ្រួសារតែមួយ ។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-04_09-04-55-1024x683.jpg)
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានសំដែង នូវការអបអរសាទរ ទៅដល់កម្មករនិយោជិតទាំងអស់ បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាថ្មី សម្រាប់ឆ្នាំ២០២៥ បានចាប់ផ្តើមអនុវត្ត ចាប់ពីខែមករា នេះតទៅ ។ គោលនយោបាយដំឡើង ប្រាក់ឈ្នួលជារៀងរាល់ឆ្នាំបង្ហាញ ឱ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បន្ថែមពីអត្ថប្រយោជន៍ ជាច្រើនទៀត ដែលកម្មករនិយោជិតទទួលបាន ជាពិសេសផ្នែកកិច្ចគាំពារសង្គម ដែលរាជរដ្ឋាភិបាល កំពុងដុតដៃដុតជើង ហើយក្លាយទៅជាបង្អែកមួយ ដ៏មានតម្លៃសម្រាប់សុខុមាលភាព របស់កម្មករនិយោជិត។
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-04_09-04-59-1024x683.jpg)
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការបានគូសបញ្ជាក់ពីឆន្ទៈរបស់រាជរដ្ឋាភិបាលលើសុខទុក្ខ របស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការផ្តល់អត្ថប្រយោជន៍នោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាល តែងនៅជិតកម្មករជានិច្ច ។ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការលើវិស័យការងារ តែងតែចុះសួរសុខទុក្ខ ដល់កម្មករជាញឹកញាប់ផងដែរ។ លោកអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសនិយោជក សហជីព ត្រូវគិតគូរផលប្រយោជន៍កម្មករនិយោជិតជាធំ និងត្រូវអនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាមច្បាប់របស់រដ្ឋជាធរមាន ៕
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-04_09-05-03-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-04_09-05-07-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-04_09-05-13-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-04_09-05-17-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2025/01/photo_2025-01-04_09-05-21-1024x683.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)