ព័ត៌មានជាតិ

សមាជិកថ្មីរាជធានីភ្នំពេញ ១៨១៨នាក់ ត្រូវបានប្រកាសបញ្ចូលជាសមាជិក របស់គណបក្សប្រជាជនកម្ពុជា

រូបភាព៖ លោក ឃួង ស្រេង

ភ្នំពេញ៖ សមាជិកថ្មីនៅរាជធានីភ្នំពេញ ចំនួន១៨១៨នាក់ ត្រូវបានដាក់បញ្ចូលជាសមាជិក របស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឡើងនាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នៅវិមាន៧មករា ក្នុងខណ្ឌចំកាមន ក្រោមអធិបតីភាព សម្តេច សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ សម្តេច សាយ ឈុំ រំលឹកថា កាលគ្រាសម្ដេចបានប្រកាសចូលជាសមាជិកថ្មី របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងពេលដែលប្រទេសជាតិ ធ្លាក់ទៅក្នុងភ្លើងសង្គ្រាម តស៊ូយ៉ាងស្វិតស្នាញ ដើម្បីឯករាជ្យជាតិ ហើយការប្រកាសកាលនោះ បានធ្វើឡើងដោយសម្ងាត់បំផុត ដោយមានអ្នកចូលរួម ត្រឹមតែ៥រូបប៉ុណ្ណោះ មិនដូចពិធីដែលធ្វើឡើង នៅពេលនេះឡើយ។

សម្តេច សាយ ឈុំ មានប្រសាស៍ថា សម្រាប់សមាជិក សមាជិកាទាំង១៨១៨រូបនេះ នឹងទទួលបានសិទ្ធិពេញលេញ ជាសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវប្រតិបត្តិឱ្យបានត្រឹមត្រូវ ទៅតាមកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ធ្វើទំនាក់ទំនងល្អជាមួយគ្នា ផ្សព្វផ្សាយកម្មវិធីនយោបាយ របស់បក្សឱ្យបានល្អ រក្សាសាមគ្គីភាពផ្ទៃក្នុង រក្សាការសម្ងាត់របស់បក្ស និងជួយគ្នាដើម្បីភាពរីកចម្រើន របស់គណបក្ស។

សម្ដេច មានប្រសាសន៍បន្ថែមថា គណបក្សប្រជាជនកម្ពុជាបានបង្កើតឡើង នៅថ្ងៃទី ២៨ខែមិថុនាឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា បានពុះពារឆ្លងកាត់ការលំបាក រួមសុខ រួមទុក្ខជាមួយប្រជាជនកម្ពុជា គ្រប់ស្ថានភាពគ្រប់ឧបសគ្គ ដើម្បីប្រទេសកម្ពុជាបានឯករាជ្យ ប្រជាធិបតេយ្យ។ គណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧មករា ១៩៧៩ ហើយត្រូវបានប្រជាពលរដ្ឋកម្ពុជា ឱ្យថ្ងៃ៧មករានេះ គឺជាថ្ងៃកំណើតទី២របស់ខ្លួន បើគ្មានថ្ងៃ៧មករាទេ គឺមិនមានអ្វីៗទាំងអស់ ហើយក៏មិនមានថ្ងៃនេះដែរ ។

ជាមួយគ្នានេះដែរ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានលើកឡើងថា ការជួបគ្នានាពេលនេះ ស្របពេល ដែលប្រទេសកម្ពុជា កំពុងត្រៀមរៀបចំខួបលើកទី៤៦ នៃទិវាបុណ្យជាតិ៧មករា ដែលជាថ្ងៃប្រវត្តិសាស្ត្រសំខាន់របស់កម្ពុជា។

លោក ឃួង ស្រេង បានគូសបញ្ជាក់ថា “បើគ្មានថ្ងៃ៧មករាទេ ក៏មិនមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះទេ។ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូល មានសន្តិភាពពេញលេញ និងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស”។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិក សមាជិការបក្ស ចំនួន៧៣៣ ៤៥៣នាក់។ គណបក្សប្រជាជនកម្ពុជា តែងបានអូសទាញ គណបក្សដទៃ ឱ្យមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បានចំនួន ៤២៥៩នាក់ និងបានប្រកាសបញ្ជូលជាសមាជិកបក្សរួចរាល់ ចំនួន២៤៤១រូប នៅសល់១៨១៨រូប ដែលបានប្រកាសបញ្ចូល ជាសមាជិកថ្មីនាឱកាសនេះ។

លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបន្តទៀតថា៖ គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺដើម្បីប្រមូលកម្លាំងអ្នកស្នេហាជាតិ ដើម្បីរួមគ្នាកសាងប្រទេសជាតិមួយនេះឱ្យមានឯករាជ្យភាព ប្រជាធិបតេយ្យ និងសុខដុមរមនានៅកម្ពុជា ។

សូមបញ្ជាក់ថា សមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា សរុបទាំង១៨១៨នាក់នេះ មកពីខណ្ឌចំការ ចំនួន១៧នាក់, ខណ្ឌដូនពេញ ចំនួន៤៨នាក់, ខណ្ឌ៧មករា ចំនួន២នាក់, ខណ្ឌទួលគោក ចំនួន៥៧នាក់, ខណ្ឌដង្កោ ចំនួន២៩៤នាក់, ខណ្ឌមានជ័យ ចំនួន២០១នាក់, ខណ្ឌឬស្សីកែវចំនួន១០១នាក់, ខណ្ឌសែនសុខ ចំនួន១០១នាក់, ខណ្ឌពោធិសែនជ័យ ចំនួន៨៧នាក់, ខណ្ឌច្បារអំពៅ ចំនួន៤៩នាក់, ខណ្ឌជ្រោយចង្វា ចំនួន៣នាក់, ខណ្ឌព្រែកព្នៅចំនួន១៤នាក់, ខណ្ឌបឹងកេងកង ចំនួន៣នាក់ ខណ្ឌកំបូលចំនួន៣៥នាក់ និងអង្គភាពភព១៣ ចំនួន៩៦នាក់, ភព២៣ ចំនួន៤៦នាក់, ភព២៤ចំនួន៥៧នាក់ និងភព២៥ ចំនួន៦០៩នាក់៕

To Top