ព័ត៌មានជាតិ

សិស្សប៊ែលធីនិទ្ទេស A ១៩១រូប ចែករំលែក បទពិសោធន៍ ដល់សិស្សថ្នាក់ទី១២ ចំនួន ២,៧៩៧នាក់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ (បាក់ឌុប)

ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីសំណេះសំណាល និងចែក​រំលែកបទពិសោធន៍ សិក្សារបស់សិស្សប៊ែលធីនិទ្ទេស A ចំនួន ១៩១រូប ជូនសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយ មានការចូលរួមផ្ទាល់ និងផ្សាយបន្ត (Live) ទៅសិស្សគ្រប់សាខា សរុបចំនួន ២,៧៩៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកស្រី ។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ បានឱ្យដឹងថា ៖ បច្ចុប្បន្ននេះ សាលា ប៊ែលធី អន្តរជាតិ មាន ៣២សាខា (២៨សាខា កំពុងដំណើរការ និង ៤សាខា កំពុងសាងសង់) ដែលមានបុគ្គលិកបម្រើការ សរុបចំនួន ២,៨៩៦នាក់ (នារី ១,១០៨នាក់) និងមានសិស្សានុសិស្សកំពុងសិក្សា សរុបចំនួន ៦០,៥៥៩នាក់ (នារី ២៩,២៩២នាក់) ។

សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ សាលា ប៊ែលធី អន្តរជាតិ មានសិស្សថ្នាក់ទី១២ បានចូលរួមប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ចំនួន ២,៤៣១នាក់ (ពីរពាន់បួនរយសាមសិបមួយនាក់) ក្នុងនោះ ជាប់ ២,៣២៨នាក់ (ពីរពាន់បីរយម្ភៃប្រាំបីនាក់) ស្មើនឹង ៩៥.៧៦% និងមានសិស្សនិទ្ទេស A ចំនួន ១៩១នាក់។ ចំពោះសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិនឹងទទួលបានសញ្ញាបត្រចំនួនពីរ៖ ១-ចេញដោយ សាលា ប៊ែលធី អន្តរជាតិ និង ២-ចេញ ដោយក្រសួងអប់រំ យុវជន និងកីឡា ហើយសញ្ញាបត្រទាំងពីរនេះ ត្រូវបានដាក់បញ្ចូល (Upload) ទៅក្នុងវែបសាយរបស់ប៊ែលធី ដើម្បីទុកជាកាលប្បវត្តិសម្រាប់សិស្ស គ្រប់រូបទាញយក (Download) ប្រើប្រាស់ជាផ្លូវការផងដែរ ។

ក្នុងពិធីនេះដែរ សិស្សនិទ្ទេស A ចំនួន ៥រូប តំណាងសិស្សនិទ្ទេស A ទាំង ១៩១រូប បានចែករំលែកបទពិសោធន៍ជោគជ័យ ដែលមានកត្តារួមផ្សំសំខាន់ៗ៤ គឺ ១-កត្តាខ្លួនឯង ២-កត្តាគ្រួសារ ៣-កត្តាសាលា និង ៤-កត្តាសង្គម ៖
១-កត្តាខ្លួនឯង ៖ ត្រូវស្គាល់ខ្លួនឯង មានគោលដៅ មានការតាំងចិត្ត ខិតខំសិក្សារៀនសូត្រ ចេះស្រាវជ្រាវ និង មានសុខភាពល្អ
២-កត្តាគ្រួសារ ៖ មាតាបិតាផ្តល់ឱកាសឱ្យកូនបានរៀនសូត្រ-ធ្វើកិច្ចការផ្ទះ ផ្តល់ការថែទាំ-អាហារូបត្ថម្ភគ្រប់គ្រាន់ ជំរុញលើក ទឹកចិត្តបុត្រធីតា និងសហការល្អ ជាមួយគណៈគ្រប់គ្រងសាលា
៣-កត្តាសាលា ៖ មានអគារផ្ទាល់ខ្លួនដែលធានានិរន្តភាពសិក្សា មានរចនាសម្ព័ន្ធច្បាស់លាស់ ចក្ខុវិស័យវែងឆ្ងាយ កម្មវិធី សិក្សាល្អៗ កម្មវិធីសិក្សាបន្ថែមទាំង១២ គ្រូមានសមត្ថភាព-បទពិសោធន៍ និងគរុកោសល្យ បំពាក់គ្រឿង បរិក្ខានិងសម្ភារៈឧបទ្ទេសទំនើបៗ ព្រមទាំងមាន BELTEI App ជាជំនួយស្មារតីក្នុងការសិក្សា
៤-កត្តាសង្គម ៖ ដោយប្រទេសមានសុខសន្តិភាពពេញលេញ ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ដែលធ្វើឱ្យសិស្សមានឱកាសបានរៀនសូត្រ ខ្ជាប់ខ្ជួនទៅតាមកម្មវិធីសិក្សា របស់ក្រសួង និងសាលាបានដាក់ចុះ ។

ក្នុងឱកាសនោះ លោកបណ្ឌិត លី ឆេង បានកោតសរសើរចំពោះសិស្សនិទ្ទេស A និងសិស្សជ័យលាភីទាំងអស់ ដែលបាន យកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ស្តាប់គ្រូពន្យល់ គោរពបទបញ្ជាផ្ទៃក្នុង មានវិន័យ សីលធម៌ និងគុណធម៌ល្អ មិនបង្កផលលំបាក ដល់គ្រួសារ និងសង្គមជាតិ រហូតទទួលបានជោគជ័យនាពេលនេះ ។ ជាពិសេសបានចែករំលែកបទពិសោធន៍ ជោគជ័យរបស់ខ្លួនជូន ដល់សិស្សប្អូនជំនាន់ក្រោយ ដើម្បីជាទុនសម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះមាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់ ដែលបានផ្តល់ឱកាស និងជំរុញកូនៗឱ្យសិក្សាបន្ថែមនៅផ្ទះ ធ្វើកិច្ចការផ្ទះ គោរពវិន័យ និងសហការយ៉ាងជិតស្និតជាមួយគណៈគ្រប់គ្រងសាលា ប៊ែលធី អន្តរជាតិគ្រប់ទីតាំង ។

លោកបណ្ឌិត បានផ្តាំផ្ញើដល់ក្មួយៗទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់បន្តការសិក្សារៀនសូត្របន្ថែមទៀតនៅថ្នាក់ឧត្តមសិក្សា ដោយធ្វើការជ្រើស រើសនូវមុខវិជ្ជាណាដែលខ្លួនស្រឡាញ់ពេញចិត្ត សម្រាប់ធ្វើជាអាជីពខ្លួនឯងទៅថ្ងៃអនាគត ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេស ជាតិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ។
ជាទីបញ្ចប់ លោកបណ្ឌិត និងលោកជំទាវ បានប្រគល់លិខិតសរសើរ និងប្រាក់រង្វាន់ជូនសិស្សនិទ្ទេស A ទាំង ១៩១រូប នាយកសាខា និងលោកគ្រូ-អ្នកគ្រូថ្នាក់ទី១២ ដែលមានស្នាដៃបង្រៀនសិស្សទទួលបាននិទ្ទេស A ចំនួន ១៣៥រូប ផងដែរ ៕

To Top