ភ្នំពេញ ៖ អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជា លោកស្រី ជា សិរី បានលើកឡើងថា អតិថិជនដែល បានខ្ចីពីម្ចាស់បុរី (ទិញផ្ទះបង់រំលស់) ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលទៅគ្រឹះស្ថានធនាគារវិញ ក្នុងអាត្រាការប្រាក់ទាបជាង។
នេះជាការលើកឡើងរបស់លោកស្រី នាឱកាសចូលរួមប្រជុំនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយវិស័យអចលនទ្រព្យ និង តំណាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំរបស់ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃ៣ មករា។
លោកស្រីថា “កិច្ចប្រជុំនេះមានគោលបំណងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ឲ្យអតិថិជនដែលបានខ្ចីពីម្ចាស់បុរី ក្នុងអាត្រាការប្រាក់ខ្ពស់ អាចផ្ទេរបំណុលនេះទៅជាមួយគ្រឹះស្ថានធនាគារវិញក្នុងអាត្រាការប្រាក់មួយដែលទាបជាង។ បានន័យថា ធនាគារនឹងសងលុយទៅម្ចាស់បុរីជំនួសអតិថិជន ប៉ុន្តែអតិថិជននៅតែបន្តសងបំណុលទៅឲ្យធនាគារវិញក្នុងលក្ខខ័ណធូរស្រាលជាងមុន”។
លោកស្រីបន្តថា កិច្ចសម្របសម្រួលនេះនឹងជួយ ម្ចាស់បុរីដែលជាប់គាំងទុនបង្វិល បានលុយដុំមកវិញដើម្បីបន្តការអភិវឌ្ឍរបស់ពួកគាត់ ហើយក៏នឹងជួយអតិថិជន ឲ្យទទួលបានឥណទានផ្ទះពីគ្រឹះស្ថានធនាគារ ដែលជាទូទៅមានការប្រាក់ទាបជាង និងមានរយៈពេលយូរជាងរហូតដល់ ២៥ឆ្នាំ ឬ ៣០ឆ្នាំ។
សូមបញ្ជាក់ថា ថ្មីៗនេះ រាជរដ្ឋាភិបាលនិងវិស័យឯកជនបានសម្រេចបន្ធូរបន្ថយការប្រាក់លើកម្ចីសម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ៕