ភ្នំពេញ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ។
ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប មានទីតាំងនៅជាន់ទី២ ផ្សារទំនើប The Heritage Walk អគារលេខ១៥៨ ផ្លូវជាតិលេខ៦ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
![](https://dap-news.com/wp-content/uploads/2025/01/111-1024x682.jpg)
តាមរយៈសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២ មករា បានបញ្ជាក់ថា «ដើម្បីបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ មានកិត្តិយស សូមជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ដោយមានកិច្ចសហការយ៉ាងល្អជាមួយរដ្ឋបាលខេត្តសៀមរាប អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងដាក់ឱ្យដំណើរការ ទីស្នាក់ការផ្តល់លិខិតឆ្លងដែន នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ តទៅ»។
![](https://dap-news.com/wp-content/uploads/2025/01/110-768x1024.jpg)
សូមបញ្ជាក់ថា ពេលវេលាផ្តល់សេវា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤រសៀល ពីថ្ងៃពុធ ដល់ថ្ងៃអាទិត្យ (ឈប់សម្រាកថ្ងៃចន្ទ និងថ្ងៃអង្គារ ព្រមទាំងថ្ងៃឈប់សម្រាកផ្លូវការ)៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)