ព័ត៌មានជាតិ

ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា៖ ស្មារតីសាមគ្គីភាព ក្នុងបុព្វហេតុរំដោះជាតិ

ថ្ងៃទី៧ ខែ មករា ឆ្នាំ ២០២៥ នេះ ជាខួបលើកទី ៤៦ ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៥) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះនិងរំដោះឱ្យចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹត។

ថ្ងៃនេះកាលពី ៤៦ ឆ្នាំមុន កងកម្លាំងស្នេហាជាតិកម្ពុជាបានប្រមូលផ្តុំគ្នាក្រោមទង់ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបច្ចុប្បន្នហៅថា រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» រួមជាមួយនឹងការគាំទ្រពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម បានរំដោះទីក្រុងភ្នំពេញនិងផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី ៧ ខែ មរា ឆ្នាំ ១៩៧៩។

នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលប្រជាជនម្ពុជាគ្រប់រូបមិនអាចបំភ្លេចបានដោយ បានជួយសង្គ្រោះប្រជាជនកម្ពុជាជាង ៥ លាននាក់ឱ្យរួចពីការសម្លាប់។ របបប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះបានសម្លាប់ប្រជាជនស្លូតត្រង់អស់ជាង ៣ លាននាក់ក្នុងរយៈពេល តែ ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៦ ខែ មករា ឆ្នាំ១៩៧៩។

ជ័យ​ជម្នះ​នេះ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ ដែល​បង្ហាញ​ពី​ចំណង​សាមគ្គីភាពជា​អន្តរជាតិ​ដ៏​អស្ចារ្យ​រវាង​ប្រជាជន​និង​កងទ័ព​នៃ​ប្រទេស​ទាំងពីរកម្ពុជា​និង​វៀតណាម បានបញ្ចប់យុគសម័យដ៏ខ្មៅងងឹតជូរចត់និងបើកសករាជថ្មីសម្រាប់ប្រទេសកម្ពុជា ជាជ័យជម្នះដែលបានជ្រាបចូលយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់រូប។ ថ្ងៃជ័យជំនះនេះត្រូវបានចាត់ទុកថាជាថ្ងៃកំណើតទីពីររបស់ប្រជាជនកម្ពុជាគ្រប់រូប។

ជ័យជម្នះ ៧ មករា ១៩៧៩ គឺជា “មេរៀនប្រវត្តិសាស្ត្រដ៏អស្ចារ្យសម្រាប់ឱ្យកូនចៅជំនាន់ក្រោយគ្រប់រូបដើម្បី​ចងចាំនូវគំរូវីរភាពនិងស្មារតីសាមគ្គីភាពនៃការជួយគ្នាទៅវិញទៅមករបស់កងទ័ពនិងប្រជាជន កម្ពុជា និង វៀតណាម ក្នុងសង្គ្រាម​ដើម្បីបុព្វហេតុការពារប្រទេសជាតិនិងក៏ជាមេរៀនប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលតម្រូវឱ្យយុវជនជំនាន់ក្រោយត្រូវស្វែងយល់ ចាត់ទុកជាគម្រូអាក្រក់និងត្រូវជៀសឱ្យផុត”។

មានតែសន្តិភាពទេទើបមានការអភិវឌ្ឍ។ សូមរំលឹកផងដែរថា ក្នុងស្មាតរតីសាមគ្គីភាពជាអន្តរជាតិនេះ កម្ពុជា និង វៀតណាម បានឈរប្រកៀកស្មាគ្នា ចែករំលែកការឈឺចាប់និងជំនះគ្រប់ឧបសគ្គជាមួយគ្នា ចាប់តាំងអតីតកាល ទាំងប្រឆាំងរបបអានិគមនិយម ចក្រពត្តិនិយម ការជួយគាំទ្ររបស់កម្ពុជាក្នុងការតស៊ូរំដោះ វៀតណាម ភាគខាងត្បូងដើម្បីបង្រួបបង្រួមទឹកដីវៀតណាម ហើយទទួលបានជ័យជំនះនៅថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ និងការជួយរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងបុព្វហេតុជួយរំដោះប្រទេសនិងប្រជាជនកម្ពុជាឱ្យរួចផុតពីការសម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩។ ការជួយគ្នាទៅវិញទៅមក រវាងប្រទេសជិតខាងទាំងពីរ គឺបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងឡើងវិញនូវប្រទេសកម្ពុជានិងវៀតណាម ព្រមទាំងកសាងបានជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ។

សព្វថ្ងៃនេះ ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-វៀតណាម បានបន្តពង្រីកនិងពង្រឹងលើវិស័យជាច្រើន ចាប់ពីនយោបាយ សេដ្ឋកិច្ច រហូតដល់វប្បធម៌និងការអប់រំ។ ប្រទេសទាំងពីររៀបចំជាប្រចាំនូវការផ្លាស់ប្តូរវប្បធម៌ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគនិងសកម្មភាពអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីលើកកម្ពស់ជីវភាពរបស់នៅរបស់ប្រជាជននិងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានអភិវឌ្ឍយ៉ាងខ្លាំងក្លាលើវិស័យជាច្រើនដូចជាសេដ្ឋកិច្ច វប្បធម៌ អប់រំនិងការពារជាតិ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បានជួយបង្កើនទំហំពាណិជ្ជកម្ម ជំរុញពាណិជ្ជកម្មនិងការវិនិយោគរវាងប្រទេសទាំងពីរជាបន្តបន្ទាប់។

តាមរយៈការរីកចម្រើននៃវិស័យពាណិជ្ជកម្ម វិនិយោគ សេវាកម្មនិងធុរកិច្ច រវាងកម្ពុជានិងវៀតណាមនេះ បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម បង្កើតការងារជូនប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពនិងប្រពៃណីទំនៀមទំលាប់នៃទំនាក់ទំនងរវាងកម្ពុជា និងវៀតណាមឱ្យកាន់តែមានភាពស្រស់បំព្រងនិងនិរន្តរភាព។

លើសពីនេះ ប្រទេសទាំងពីរក៏សហការយ៉ាងសកម្មក្នុងកិច្ចការពារព្រំដែន ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែននិងការការពារសន្តិសុខតាមព្រំដែន ដើម្បីធានាបានស្ថិរភាពនិងការអភិវឌ្ឍន៍រួមរបស់ប្រទេសនីមួយៗ។ ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងនាមជាប្រទេសជិតខាងល្អ ប្រទេសទាំងពីរតែងតែបានជួយជ្រោមជ្រែង និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ។

ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំកម្ពុជា ប្រទេសសកម្ពុជានឹងចាកចេញផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៩។ កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ កម្ពុជាក៏ត្រូវបានជាប់ឆ្នោតជ្រើសរើសជាសមាជិកនៃគណៈកម្មាធិការរៀបចំនៃគណៈកម្មការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ របស់អង្គការសហប្រជាជាតិក្នុងអំឡុងសម័យប្រជុំពេញអង្គលើកទី ៥៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ២០២៤។ ទាំងនេះបង្ហាញយ៉ាងច្បាស់អំពីភាពលេចធ្លោរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ចំណែកក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខដឹកនាំវៀតណាម ប្រទេសវៀតណាម ក៏ដាក់ចេញនូវចក្ខុវិស័យក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ វៀតណាមក៏បានជាប់ជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ សម្រាប់អាណត្តិឆ្នាំ ២០២៣-២០២៥ ផងដែរ ដែលជាការបង្ហាញយ៉ាងច្បាស់អំពីភាពលេចធ្លោរបស់ប្រទេសវៀតណាមនៅលើឆាកអន្តរជាតិផងដែរ។

ជាពិសេស តាមរយៈដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ភាគីទាំងពីរតែតែបានអះអាងឡើងវិញនូវគោលការណ៍ណែនាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពគ្នាអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បង្កើតយន្តការជាក់លាក់ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ជាមួយគ្នានេះដែរ ទំនាក់ទំនងនៃប្រទេសទាំងពីរនៅបានបន្តពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្ររជាមួយគ្នាតាមរយៈគណៈបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនិស្តវៀតណាម ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពនិងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើគ្រប់វិស័យ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

បើទោះបីស្ថានការណ៍ពិភពលោកនិងតំបន់បន្តវិវត្តន៍កាន់ស្មុគ្រស្មាញ ប៉ុន្តែក្នុងស្មារតីសាមគ្គីភាព មិត្តភាពជាប្រពៃណីនៃថ្ងៃ​ ៧ ខែ មករា ឆ្នាំ ១៩៧៩ ដែលប្រកបដោយភាពស្និទ្ធស្នាលនិងជួយគ្នាទៅវិញទៅមករវាងកម្ពុជានិងវៀតណាម នឹងនៅតែបន្តអភិវឌ្ឍន៍ទំនាក់ទំនង “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងស្ថិរភាពយូរអង្វែង” ឱ្យបានដល់កម្រិតថ្មីមួយ ដើម្បីរួមគ្នាកសាងអនាគត ប្រយុទ្ធប្រឆាំងនឹងនយោបាយនិងនិន្នាការជាតិនិយមចង្អៀតចង្អល់ ក្នុងគោលបំណងបង្កាច់បង្ខូចនិងបំបែកបំបាក់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ សំដៅបង្កើតទំនាក់ទំនងដ៏ភ្លឺស្វាង ស្ថិរភាពនិងនិរន្តរភាពនៃចំណងសាមគ្គីភាពនិងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរប្រកបសន្តិភាពនិងវិបុលភាព ទាំងក្នុងតំបន់និងពិភពលោកទាំងមូល៕

ដោយ៖ អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិកនិងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេស វៀតណាម

To Top