ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តតាមដានឆ្លើយតបជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាព សាធារណៈ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល ដើម្បីបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀតនាថ្ងៃ៣ មករា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានជម្រុញឲ្យនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បន្តការតាមដាន និងឆ្លើយតបជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា ដោយនវានុវត្តន៍ និងបុរេសកម្ម។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ដែលតែងតែរកឃើញ និងឆ្លើយតបជាមួយជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានា បានទាន់ពេលវេលា។

ជាមួយគ្នានេះ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប របស់នាយកដ្ឋានរួចមក សាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនឲ្យពង្រឹងប្រសិទ្ធភាពការងារទាក់ទងជាមួយនឹងជំងឺឆ្លង ដោយនវានុវត្តន៍ និងបុរេសកម្ម ។ បង្កើនការសហការ និងសហប្រតិបត្តិការជាមួយនាយកដ្ឋាន អន្តរ ស្ថាប័ន មន្ទីរពេទ្យ និងអង្គការដៃគូ ។ ពង្រឹងសមត្ថភាពបុគ្គលិកក្នុងការឆ្លើយតបបន្ទាន់ ទៅនឹងជំងឺឆ្លង និងគ្រោះអាសន្នសុខភាពសាធារណៈផ្សេងទៀត ។ បង្កើនការចូលរួមពីសហគមន៍ ដើម្បីរាយការណ៍អំពីជំងឺឆ្លង និងព្រឹត្តិការណ៍សុខភាពសាធារណៈនានាឱ្យបានទាន់ពេលវេលា ។ ពង្រឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងនវានុវត្តន៍ ។ បង្កើនការតាមដានភាពស៊ាំនឹងឱសថប្រឆាំងមេរោគ (AMR) តាមរយៈការសិក្សាស្រាវជ្រាវ ការប្រើប្រាស់ឱសថសមស្រប នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន។

ក្នុងនោះក៏ត្រូវពង្រឹងការចេញសេចក្ដីជូនព័ត៌មានអំពីសុខភាពបានទាន់ពេលវេលា ។ ត្រៀមផែនការឆ្លើយតបទៅនឹងជំងឺឆ្លងកើតថ្មី និងជំងឺឆ្លងលេចឡើងសារជាថ្មី និងអភិវឌ្ឍន៍ផែនការយុទ្ធសាស្រ្ដរយៈពេលមធ្យម និងរយៈពេលវែងរបស់អង្គភាព៕

To Top