ព័ត៌មានជាតិ

ប៉ាណូរំលេចនៃទិវាជ័យជម្នះ ៧មករា ត្រូវបានរៀបចំរួចរាល់ តាមទីធ្លាសាធារណៈ និងតាមសួនច្បារនានា នៅភ្នំពេញ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំអនុវត្តផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ចែងផ្នែកជំនាញពាក់ព័ន្ធ រៀបចំប៉ាណូ ដែលរំលេចនៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) ត្រូវបានរៀបចំឡើងរួចរាល់ នៅតាមដងផ្លូវសាធារណៈ នៅលើស្ពាន ស្ពានអាកាស និងនៅតាមបណ្តាសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ខណៈបុណ្យជាតិជាប្រវត្តិសាស្ត្រដ៏សំខាន់របស់កម្ពុជាមួយនេះ បាននិងកំពុងខិតជិតមកដល់។

បុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥) គ្រោងនឹងធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ នៅទីធ្លាមុខសាលមហោស្រពកោះពេជ្រ ក្នុងខណ្ឌចំកាមន ដោយមានសមាជិកចូលរួមជាង២ម៉ឺននាក់។

ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្នុងកម្មវិធីបុណ្យខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករានេះ កាលពីថ្ងៃទី៣១ ធ្នូនេះកន្លងទៅ លោក ឃួង ស្រេង បានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យពិធីនេះ ដំណើរការទៅដោយរលូន និងជោគជ័យ។

ក្នុងនោះ លោក ឃួង ស្រេង បានជំរុញឱ្យអាជ្ញាធរខណ្ឌ ១៤ សង្កាត់ ទាំង១០៥ បំផុសប្រជាពលរដ្ឋ ឱ្យចងឬលើកទង់ជាតិនៅមុខផ្ទះរបស់ខ្លួន ជាមួយនឹងការសំអាតអនាម័យបរិស្ថានឲ្យបានស្អាត។

ខណះពេលប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេសត្រៀមខ្លួនរួចជាស្រេច ទទួលអបអរសាទរទិវាជាតិ៧មករា ក្នុងន័យចូលរួមអបអរសាទរទិវាបុណ្យជាតិ៧មករា ថ្ងៃជ័យជំនៈលើរបបប្រល័យពូជសាសន៏ប៉ុល ពត រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈសម្បត្តិ គ្រប់គ្រាន់និងរួចជាស្រេច ដើម្បីទទួលអំណរសាទរ ទិវាជ័យជំនៈ៧មករា លើកទី៤៦នេះ។

រដ្ឋបាលរាជធានីភ្នំពេញ ក្រៅពីការកែលម្អរសោភណ្ឌភាពទីក្រុង ពិសេសការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ដើម្បីចូលរួមអបអរសាទរ ទិវាបុណ្យជាតិ៧មករា ដោយលើកកំពស់កិត្យានុភាព និងកិត្តិយសជាតិ ឱ្យសក្ត័សមជាថ្ងៃកំណើតទី២ ទាំងអស់គ្នា។

ដោយឡែកសមិទ្ធិផល និងស្នាដៃខិតខំប្រឹងប្រែងរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រេចបាន នាពេលកន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍន៏សេដ្ឋកិច្ច សង្គម ឱ្យមានការរីកចំរើនយ៉ាងឆាប់រហ័ស ក្រោមម្លប់សន្តិភាព ដែលធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានសក្កានុពល ប្រកួតប្រជែង និងអភិវឌ្ឍន៏ឈានឡើងលើគ្រប់វិស័យ៕

To Top